ភ្នំពេញ ៖ នៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រារព្ធឡើងនៅទឹកដីស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នៅក្នុងការអភិវឌ្ឍ យើងមិនអាចយកប្រទេសយើងទៅប្រៀបធៀបជាមួយប្រទេសណាមួយនោះទេ ប៉ុន្តែយើងត្រូវប្រៀបធៀបទីកន្លែងដូចគ្នានាពេលបច្ចុប្បន្នជាមួយនឹងអតីតកាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងមិនអាចយកខ្លួនយើង ទៅប្រៀបធៀបជាមួយអ្នកផ្សេងដែលគេខ្ពស់ជាងយើង រៀនយូរមកហើយនោះទេ តែយើងត្រូវមានមោទនភាពចំពោះខ្លួនយើងដែលកាលពីមុនយើងរៀនបានត្រឹមបាក់ឌុប។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យនាំគ្នាថតរូបភាពនៃការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តនេះទុក ដើម្បីធ្វើការប្រៀបធៀបនៅពេលដែលគម្រោងមួយនេះបានបញ្ចប់។
នៅចំពោះមុខប្រជាពលរដ្ឋ ជិត២ម៉ឺននាក់, សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ធ្វើប្រព័ន្ធនេះ (សាងសង់ព្រែកជីកហ្វូនតេជោ) ដើម្បីលើកកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យ និងភាពរីកចម្រើន របស់កម្ពុជា នេះគឺជាអ្វីដែលយើងត្រូវធ្វើ»។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ នឹងនាំមកនូវការតភ្ជាប់ផ្លូវទឹករបស់កម្ពុជា នឹងជំរុញដល់ការវិនិយោគ និងធ្វើពាណិជ្ជកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាណាចក្រហ្វូណន គឺជាអាណាចក្រដ៏រុងរឿងនៅភាគខាងត្បូងរបស់ចិន។ សម្តេចធិបតី បានបន្ថែមថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងភស្តុភាកម្ម គឺមិនខុសពីការកសាងអាណាចក្រហ្វូណនដ៏រុងរឿងនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា អតីតរាជធានីអង្គបុរី ក្នុងសម័យហ្វូណន មានព្រែកជីកចំនួន៥ បម្រើដល់ការធ្វើពាណិជ្ជកម្មរបស់ហ្វូណន។ សម្តេចធិបតី បានថ្លែងថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការអនុវត្តន៍តាមចក្ខុវិស័យមេ ដឹកនាំអាណាចក្រហ្វូណន។
លើសពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមបម្រើពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះ តែក៏បម្រើដល់ប្រព័ន្ធធារាសាស្ត្រ ជួយដល់ការស្រោចស្រព ក្នុងវិស័យផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កុំមានការសង្ស័យ ព្រែកជីកហ្វូណនតេជោ នឹងផ្តល់កម្លាំងសេដ្ឋកិច្ចបន្ថែមដល់កម្ពុជា។
សូមជម្រាបថា ការដ្ឋានព្រែកជីកហ្វូណនតេជោ គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជាមានក្នុងសម័យហ្វូណន ឬ សម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ តែជា អកុ សល ក្នុងរង្វង់សតវត្សរ៍ទី៥ ការចុះអន់ថយនៃអាណាចក្រហ្វូណនបូករួមជម្លោះផ្ទៃក្នុងនៃនគរខ្មែរ ព្រែកជីក ហ្វូ ណ ន ក៏ត្រូវបានទុកចោលលែងមានការប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ន៕
ដោយ ៖ សិលា