ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីឆបោក ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
យោងតាមប្រភពព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងទៀតថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្ដឹងពីឈ្មោះ WONG SHEE MENG ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិម៉ាឡេស៊ី តំណាងអោយឈ្មោះ WONG LIANG HANG ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិម៉ាឡេស៊ី ប្តឹងឈ្មោះ FRANK GODWIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិអាមេរិក និងបក្ខពួក ពីបទ ឆបោក។
បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញបានធ្វេីការស្រាវជ្រាវ ដោយធ្វើការកំណត់បានមុខសញ្ញា រហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ SAM SIEH TATUS អាយុ៤៦ឆ្នាំ ជនជាតិលីបេរី និងឈ្មោះ PETER MANYOUGAR ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិលីបេរី នៅចំណុចបណ្តោយផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនខ្លួនទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់៕ដោយ៖តារា