ខេត្តតាកែវ៖ ពិតជាមិនគួរឱ្យជឿមែន! ស្ត្រីម្នាក់ត្រូវបុរសជាប្តីលើកដៃប្រល័យជីវិតនៅក្នុងផ្ទះ រួចជនដៃដល់ជាប្តីបានយកថ្នាំទៅបាញ់ស្រូវជាធម្មតា ដូចអត់មានរឿងអ្វីកើតឡើងអ៊ីចឹង រហូតដល់សពហើមស្អុយក្នុងបន្ទប់ ទើបកូនសង្ស័យចូលទៅមើលឃើញម្តាយស្លាប់ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ចន្លោះម៉ោង១០យប់ នៅចំណុចបន្ទប់ក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្វាយឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ស្ត្រីរងគ្រោះឈ្មោះខែម ម៉ាច អាយុ៣២ឆ្នាំ ជាកម្មការិនីរោងចក្រ រស់នៅភូមិឃុំកើតហេតុខាងលើនិងមានកូនប្រុសម្នាក់។
បើតាមការស្រាវជ្រាវនិងការបំភ្លឺពីប្រជាពលរដ្ឋរស់នៅក្បែរផ្ទះកើតហេតុក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងភូមិនោះ បានឱ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ខុន វណ្ណថង ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ បានធ្វើសកម្មភាពដោយយកខ្នើយសង្កត់ទៅលើមុខជនរងគ្រោះនិងកាច់បំបាក់កបណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។ ប្រភពដដែលបន្តថា ស្ត្រីរងគ្រោះគឺត្រូវបានជនដៃដល់ជាប្តីចាក់ និងកាច់កសម្លាប់តាំងពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ចន្លោះម៉ោង៩ទៅម៉ោង១០យប់ នៅពេលស្ត្រីរងគ្រោះត្រឡប់មកពីធ្វើការរោងចក្រវិញរៀបចំងូតទឹក។ តែយ៉ាងណាគេមិនដឹងថា ផ្តើមឡើងដោយសាររឿងអ្វីនោះទេ ។ ប្រជាពលរដ្ឋបានឱ្យដឹងបន្តទៀតថា លុះព្រឹកឡើង មុនមានការភ្ញាក់ផ្អើល ជនដៃដល់ជាប្តីបានយកថ្នាំទៅបាញ់ស្រូវជាធម្មតា ដូចអត់មានរឿងអ្វីកើតឡើងអ៊ីចឹង ។ ពេលនោះម៉ែក្មេកជនដៃដល់បានសួរថាមេ៉ចបានជាប្រពន្ធឯងមិនមក? ជនដៃដល់ឆ្លើយថា ទៅធ្វើការបាត់ហើយ។
រហូតដល់ម៉ោងកើតហេតុ កូនប្រុសរបស់ស្ត្រីរងគ្រោះឈ្មោះខុន មាន់ អាយុ១០ឆ្នាំ បានចូលក្នុងផ្ទះបើកទ្វារបន្ទប់ ក៏ស្រាប់តែឃើញសពម្តាយមុខហើមដេកដណ្តប់ភួយនៅលើគ្រែលែងស្គាល់មុខម្តាយក៏រត់ទៅប្រាប់ជីដូនអោយមកមើល ទើបដឹងជាកូនស្រីស្លាប់បាត់ទៅហើយ ក៏មានការឆោឡោនិងភ្ញាក់ផ្អើលឡើងតែម្តង។ សាក្សីបានបញ្ជាក់ថា ជនដៃដល់ជាប្តីរូបនេះមិនបានជួយធ្វើការងាររកស៊ីទេ ហើយជាមនុស្សប្រើប្រាស់គ្រឿងញៀន រករឿងស្ត្រីជាប្រពន្ធរាល់ថ្ងៃមិនដែលខានឡើយ ។ក្រោយពីបែកធ្លាយនិងភ្ញាក់ផ្អើល ជនសង្ស័យបានគេចខ្លួនបាត់។
បើតាមការធ្វើកោសល្យវិច័យរបស់មន្រ្តីជំនាញបានឱ្យដឹងថា ជនដៃដល់បានវាយឱ្យស្ត្រីជាប្រពន្ធសន្លប់ រួចលើកដាក់លើគ្រែដេក និងយកកាំបិតចាក់ដើមទ្រូង រួចមួលបំបាក់.កតែម្តង។ ក្រោយពិនិត្យសពរួច ក៏ប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕ដោយ៖តារា