ព័ត៌មានទាន់ហេតុការណ៍៖

យប់មុិញអាណិតណាស់ ! ស្រ្តី ម្នាក់បានឈឺពោះ សម្រាលកូន ខណៈមេឃភ្លៀងកំពុងធ្លាក់ខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ បានឈឺពោះសម្រាលកូន ខណៈមេឃភ្លៀងកំពុងធ្លាក់ខ្លាំង ហើយប្តីបានពឹងអ្នកស្គាល់គ្នា ឲ្យជួយ ដឹកទៅមន្ទីរពេទ្យ ។ ប៉ុន្តែពេលធ្វើដំណើរ ទើបបានជាង ពាក់កណ្ដាលផ្លូវ ស្រាប់តែប្រពន្ធ សម្រាលកូន លើម៉ូតូកង់ បីនៅលើស្ពាន បេឡេ ត៍ ក្នុងសង្កាត់ គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពី វេលា ម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៤ ម្សិលមុិញ។ 

ស្ត្រី ដែលសម្រាលកូនតាមផ្លូវ នេះឈ្មោះ ចំរើន ចិន្ដា អាយុ ជាង ៣០ ឆ្នាំ ប្តី ឈ្មោះ ម៉ន កំសត់ អាយុ ៣៥ ឆ្នាំ ជា កម្មករ សំណង់ ស្នាក់នៅក្នុង ការដ្ឋានសំណង់ ក្នុង សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ 

តាមបុរសជា ប្តី និយាយថា ដោយសារជីវភាពខ្វះខាត គាត់ មិនសូវបាននាំប្រពន្ធទៅពិនិត្យផ្ទៃពោះឡើយ តែបានដឹង ថាទើបតែ គ្រប់ខែ និងនៅសល់ប្រមាណ កន្លះខែ ទៀត ទើបត្រូវ សម្រាលកូន ។ ខណៈឈឺពោះនេះ ប្រពន្ធគាត់ ក៏ មិនដឹង ថាគ្រប់ ខែដល់ថ្ងៃ សម្រាលកូនដែរ គឺនឹកស្មានថា ឈឺពោះ ធម្មតា ហើយគាត់ក៏បានពឹងអ្នកស្គាល់គ្នា ឱ្យជួយ ដឹកតាម ម៉ូតូកង់បីទៅមន្ទីរពេទ្យបង្អែកនៅជ្រោយចង្វា។ ប៉ុន្តែនៅពេលធ្វើ ដំណើរដល់កណ្ដាលស្ពាន បេឡេត៍ ស្រាប់តែប្រពន្ធគាត់សម្រាលកូននៅលើម៉ូតូកង់បីតែម្តង ។ នៅពេលប្រពន្ធ ឆ្លងទន្លេនេះ គាត់មានលុយតែ ៨ម៉ឺនរៀល ប៉ុណ្ណោះ គឺ គ្មានលុយសម្រាប់ ចំណាយពេលសម្រាលកូន នោះទេ ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា ៖ ខណៈ សម្រាលកូននៅលើ ម៉ូតូកង់បីនោះ មានបងប្អូន អ្នកលក់ដូរ ខ្ចៅ ខ្យងមាន ឆត្រ បាន យកឆត្រ មកជួយបិទបាំងឱ្យដែរ ។ បន្ទាប់មកមាន បុរសម្នាក់ ជាប្រជាការពារ សង្កាត់ ឫស្សីកែវ បានជួយដឹក ទៅមន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ នៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕

ដោយ ៖ សិលា


ចែករំលែក៖