ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ាង វិនពីន ៖​ ចិននៅតែជាអ្នកវិនិយោគកំពូលរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ​២០២៤នេះថា​៖ ចិននៅតែជាអ្នកវិនិយោគកំពូលរបស់កម្ពុជា។ លោកឯកអគ្គរដ្ឋទូតចិន​ បានបញ្ជាក់ថា​ កាលពីខែកក្កដា ឆ្នាំ២០២៤ កម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យថេរចំនួន ៣៨៦ លានដុល្លារអាមេរិក ក្នុងនោះ ៨៨% មកពីប្រទេសចិន។

គួរបញ្ជាក់ថា​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ CDC កាលពីថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២៤ថ្មីៗនេះ​ បានឱ្យដឹងថា​ ក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ 

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣គម្រោង។​ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកក្កដារួមមាន៖

*ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស

១. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង ២១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៧៤កន្លែង។

*ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស

១. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ដែលមានទីតាំងស្ថិតនៅភូមិអូរជ្រៅ ភូមិ ផ្លោងនៃឃុំបឹងព្រាវ និងភូមិឈើនាងនៃ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុន វិនិយោគចំនួន ១០០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣១កន្លែង។

២. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុកែច្នៃចំណីអាហារ (Galatin) ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទុនវិនិយោគប្រមាណជាង ២៦លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩៤កន្លែង។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែកក្កដា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី ១ ដោយបានរួមចំណែក ៦៨,០៦% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់ ១៤,២៤% នៃទុនវិនិយោគសរុប៕

ដោយ​៖ តារា​


ចែករំលែក៖