ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូនិងម៉ូតូវ៉ាជែងគ្នា ទាក់ដៃចង្កូតបណ្ដាលឱ្យដួលស្រាប់តែរថយន្តក្រឡុកស៉ីម៉ងត៍មកពីក្រោយស្របគ្នាកិនស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ តាមប្រភពពីមន្ត្រីចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង១៩និង៥៣នាទីយប់ ថ្ងៃទី ០៩ខែសីហា ឆ្នាំ២០២៤ ដោយមានករណីរវាងម៉ូតូ និងរថយន្ត) នៅលើផ្លូវជាតិលេខ៥៧ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០២-១០៣ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់  និងម៉ូតូខូចខាត ០១គ្រឿង ។

ប្រភពពីមន្ត្រីសមត្ថកិច្ចជំនាញបានបន្តថា អ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ ផែន អាយុ ១៨ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់នៅនឹងកន្លែងកើតហេតុ) បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1H-0198 (មិនពាក់មួកសុវត្តិភាព)។

ភាគីបើកបររថយន្តមានឈ្មោះ ប៉យ អែម អាយុ ២៧ឆ្នាំ បើកបររថយន្តក្រឡុកសុីម៉ងត៍ម៉ាក HINO ពាក់ផ្លាកលេខ ភ្នំពេញ 5A-4066។

សមត្ថកិច្ចនគរបាលជំនាញបានបន្តទៀតថា ករណីនេះមូលហេតុបណ្តាលមកពីកត្តាមនុស្ស (ភាគីម៉ូតូបើកបរវ៉ាជែងម៉ូតូដែលកំពុងបើកបរស្របទិសគ្នាមិនផុតបណ្ដាលឱ្យទាក់ដៃចង្កូតជាមួយគ្នាដួលរួចចូលទៅផ្លូវខាងរថយន្តក្រឡុកសុីម៉ងត៍ដែលបើកបរប្រកាន់ស្តាំកិនស្លាប់តែម្ដង)។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែង,បន្ទាប់មកក៏ប្រមូលវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។

ចំណែកឯសាកសពត្រូវបានប្រគល់ជូនបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖