ភ្នំពេញ៖ បុរស២នាក់ដែលដើរប្រមូលទារលុយពីប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី បំពានសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋបាលសាលារាជធានីភ្នំពេញដែលបានដាក់ចេញក្នុងពេលកន្លងមកដើម្បីកាត់បន្ថយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួន។
បុរសដែលត្រូវនគរបាលឃាត់ខ្លួននោះទី១-ឈ្មោះ ថៃ ឈឿន អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅផ្ទះលេខ១៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ចាន់ ម៉េន អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបាននិយាយថា ជនសង្ស័យទាំង២នាក់នេះបានធ្វើសកម្មភាពដើរប្រមូលទារលុយពីប្រជាពលរដ្ឋដែលរកសុីលក់ដូរបន្លែនិងរបស់របរតាមកញ្រ្ចែង កញ្ជើ ល្អី ជាច្រើនកន្លែង ស្ថិតនៅខាងក្រោយសួនកុមារពោធិ៍ចិនតុង ក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ក្នុងមួយកន្លែងៗចាប់ពី៥ពាន់ទៅ១ម៉ឺនរៀលដែលបញ្ហានេះបានបំពានសារាចរណែនាំ«លេខ១១ ស រ» របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកាលពីឆ្នាំ២០១៦ ស្តីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ។
អាជ្ញាធរបាននិយាយទៀតថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលខាងលើនេះ រដ្ឋបាលសាលារាជធានីភ្នំពេញក៏បានចេញសេចក្ដីណែនាំមួយផងដែរ ស្តីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ។ ដោយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរួចមកហើយ ប៉ុន្តែបុរសទាំង២នាក់នេះនៅតែបំពានឆ្លៀតឱកាស ទើបកម្លាំងអាជ្ញាធរ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ សក់ កាញ្ញារិទ្ធ បានធ្វើការឃាត់ខ្លួនដើម្បីសាកសួរនិងចាត់ការតាមច្បាប់តែម្ដង។
ក្រោយពេលចាប់ខ្លួនបុរសទាំង២នាក់នេះបានសារភាពថា ពួកខ្លួនពិតជាបានដើរប្រមូលលុយពីអ្នកលក់ដូរមែន ដោយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឈ្មោះកែវ វ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាមន្រ្តីរាជការបានឱ្យពួកខ្លួនយាមការដ្ឋានសំណង់ ។ បន្ទាប់មកឈ្មោះកែវ វ៉ា នោះបានប្រើឱ្យពួកខ្លួនទារភាសុីពីអ្នកលក់នៅក្បាលដីរបស់គាត់(ឈ្មោះ កែវ វ៉ា) មួយកន្លែង៥ពាន់ទៅ១ម៉ឺនរៀល ។ លុះពេលទារបានខ្លួនបានយកទៅប្រគល់ឱ្យឈ្មោះកែវ វ៉ា ជាអ្នកចាត់ចែង ហើយរហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ស្រាប់តែសមត្ថកិច្ចចុះឃាត់ខ្លួនបែបនេះតែម្ដង ។
ទន្ទឹមនឹងនេះសាលាខណ្ឌពោធិ៍សែនជ័យបានអំពាវនាវដល់ជនឆ្លៀតឱកាសទាំងឡាយដែលកំពុងតែដើរយកភាសុីពីអ្នកលក់តាមកញ្រ្ចែង កញ្ជើ ល្អី ប្រសិនបើអាជ្ញាធរដឹងនឹងចុះទៅឃាត់ខ្លួនយកមកអនុវត្តតាមច្បាប់មិនលើកលែងទេ ដូច្នេះត្រូវតែបញ្ឈប់ជាបន្ទាន់៕
ដោយ៖សុខាសែនជ័យ