ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ការធ្វើពាណិជ្ជកម្មទំនិញកម្ពុជា ជាមួយប្រទេសសំខាន់ៗ មានទំហំទឹកប្រាក់សរុបជាង ៣១ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែ ក្នុងឆ្នាំ ២០២៤នេះ។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ១៦ ពាន់លានដុល្លារ។
ជាក់ស្ដែងរបាយការណ៍ដដែល បានបង្ហាញពីស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា សម្រាប់រយៈពេល ៧ខែ ក្នុងឆ្នាំ២០២៤នេះ ក្នុងនោះការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗ របស់កម្ពុជាមានចំនួន២០ និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ៣១ពាន់លានដុល្លារអាមេរិក កើនឡើង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះបើគិតរយៈពេល ៧ខែនេះ សម្រាប់ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានកំណើនកើនឡើងជាបន្តបន្ទាប់គួរកត់សម្គាល់។
គួរបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ចំពោះការនាំចេញទំនិញរបស់កម្ពុជា ក្នុងរយៈពេលនេះដែរ មានទំហំទឹកជាង ១៤ ពាន់លាន ដុល្លារ កើនឡើងប្រមាណជាង ១៤ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៣ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ ប្រទេសចិនជិត ១ ០០០ លានដុល្លារ, សហរដ្ឋអាមេរិក ជាង ៥ ៥០០ លានដុល្លារ, វៀតណាម ជាង ២ ២០០ លានដុល្លារ, ថៃជិត ៥០០ លានដុល្លារ, ជប៉ុន ជាង ៧៦៤ លានដុល្លារ, អាល្លឺម៉ង់ ជាង ៥១៦ លានដុល្លារ, អេស្ប៉ាញ ៥៦០ លានដុល្លារ, កាណាដា ៦០៥ លានដុល្លារ, អង់គ្លេស ៥៣០ លានដុល្លារ, ហូឡង់ ៤២៧ លានដុល្លារ, បានរាំង ២២៩ លានដុល្លារ, កូរ៉េខាងត្បូង ១៨៧ លានដុល្លារ និងការនាំចេញ ទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។
ដោយឡែកក្នុងរយៈពេល ៧ខែនេះដែរ ការនាំចូលវិញ នៅកម្ពុជាបាននាំចូលទំនិញមានទំហំទឹកប្រាក់សរុបប្រមាណជាង ១៦ ពាន់លាន ដុល្លារ កើនឡើងជិត ១៦ ភាគរយ ក្នុងនោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជិត ៧ ៧០០ លានដុល្លារ, វៀតណាមជាង ២ ៤០០ លានដុល្លារ, ថៃ ជាង ២ ០០០ លានដុល្លារ, សឹង្ហបុរី ៥១១ លានដុល្លារ, ឥណ្ឌូនស៊ី ៦០០ លានដុល្លារ, តៃវ៉ាន់ ៤០៥ លានដុល្លារ, កូរ៉េខាងត្បូង ២៩១ លានដុល្លារ, ម៉ាឡេស៊ី ៤៦០ លានដុល្លារ, ហុងកុង ២៣១ លានដុល្លារ, ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗ ពីបណ្តាប្រទេសជាច្រើនទៀត៕
ដោយ៖ តារា