ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ខណៈបើកម៉ូតូលឿនជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗចំណែកឯម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ខណៈបើកម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករថយន្តមួយគ្រឿងបើកឆ្លងស្តុបពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង០៥ទាបភ្លឺ ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចក្រោមស្ពានអាកាស៧មករា ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចំណូល មានអាយុជាង២០ឆ្នាំ មានស្រុកកំណេីតនៅខេត្តព្រៃវែង ចំណែកអ្នករងរបួសធ្ងន់នៅមិនទាន់ស្គាល់អត្តសញ្ញាណ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះ២នាក់បើកម៉ូតូឌុបគ្នាម៉ាកហុងដានិចពណ៌ទឹកប្រាក់លាយខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1HW-8684 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីកើតមកលិច ខណៈបើកមកដល់ចំណុចកើតហេតុឆ្លងស្តុបមិនប្រយ័ត្នក៏ជ្រុលទៅបុក រថយន្តមួយគ្រឿង ម៉ាក TOYOTA 4Runner ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2C-1311បើកបរដោយបុរសម្នាក់ចេញពីផ្លូវ លេខ២៧១ក្នុងទិសដៅពីត្បូងមកជើង យ៉ាងពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗផងដែរ ចំណែកអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្ដិ៍ទឹកល្អក់ទី១ ដើម្បីធ្វើកំណត់ហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖