ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាល ស្រុករមាសហែក នាព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញ ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋធ្វើវេទិកាសាធារណៈ និងបានបើកការដ្ឋាន ផ្លូវចាក់បេតុង ដែល មានប្រវែង ១៤០០ម៉ែត្រ ទទឹង៤ម៉ែត្រកន្លះឆ្លងកាត់ចំនួន ២ភូមិ មានភូមិទួល និងភូមិទួលច្រេស ស្ថិតក្នុង ឃុំអណ្ដូងត្របែក ស្រុករមាសហែក។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានលើកឡើងពីការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងារចុះមួលដ្ឋានស្រុករមាសហែក ក៏ដូចជាលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបើកការដ្ឋាននេះផងដែរ។
លោកអភិបាលស្រុកបន្តថា ថ្ងៃនេះយើងមានសមិទ្ធផលថ្មីមួយទៀតដែលយើងបានបើកការដ្ឋាន ផ្លូវចាក់បេតុង ដែល មានប្រវែង ១៤០០ម៉ែត្រ ទទឹង៤ម៉ែត្រកន្លះឆ្លងកាត់ចំនួន ២ភូមិ មានភូមិទួល និងភូមិទួលច្រេស ស្ថិតក្នុង ឃុំអណ្ដូងត្របែក ស្រុករមាសហែក នាពេលនេះក៏ដូចជាមានសមិទ្ធផលថ្មីៗ ជាច្រើនបន្តទៀតក្នុងស្រុករមាសហែក ។
លោក ក៏បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋពេលដែលបានផ្លូវនេះហើយ សូមចូលរួមគ្នាថែរក្សាអោយបានគង់វង្ស ទាំងអស់គ្នា ព្រោះវាជាផលប្រយោជន៍រួមមិនមែនជារបស់បុគ្គលណាម្នាក់នោះទេ។
លោកបានលើកឡើងថា សូម គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមគម្រោងដ៏មានសារប្រយោជន៍នេះឡើង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានគាំទ្រ និងជំរុញការអនុវត្តគម្រោងព្រែកជីកនេះឡើងហើយ រហូតឈានដល់ការបើកការដ្ឋានកាលពីថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ កន្លងមកនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ក្នុងឱកាសនោះ លោក អភិបាលស្រុក សូមប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈការសារសំឡេងពិសេស ពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសូមគាំទ្រទាំងស្រុងចំពោះការបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណា ដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ដើម្បីរក្សាឲ្យបាននូវសុខសន្ដិភាព អាយុជីវិតរបស់ប្រជាជន៕
ដោយ៖ សុថាន