ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសាធារណការ ៖ បេសកកម្មរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជឹកជញ្ជូនទៅតំបន់និរតីដើម្បីអ្វី….?

ចែករំលែក៖

ភ្នំពេញ ៖ ដូចដែលសាធារណជន និងបណ្តាញព័ត៌មាន បានជ្រួតជ្រាបរួចមកហើយ ពីដំណើររបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដឹកនាំក្រុមការងារអន្តរក្រសួង និងក្រុមការងារបច្ចេកនិយាមកាសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ពិនិត្យទីតាំងតម្រាយផ្លូវទឹក និងទីតាំងគំរូកំណត់និយាមកានៅប្រឡាយ១៥(ដោយជិះកាណូត-អូប័រ)ស្រុកអង្គបូរី ខេត្តតាកែវ នៅថ្ងៃទី១២ និងចុះពិនិត្យទីតាំងភូមិសាស្រ្ត ត្រួតពិនិត្យនិយាមកា និងផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”នៅទីតាំងឆ្នេរអង្គោលខេត្តកែប នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤។ នេះជាការលើកឡើងពី លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ 

លោក ផន រឹម បន្តថា ៖ វត្តមានរបស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ,ក្រុមការងារអន្តរក្រសួង និងក្រុមការងារបច្ចេកនិយាមកា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោដើម្បី៖

១. ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ពីតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោពិត ជាធ្វើតាមផ្លូវទឹកចាស់ដែលមានស្រាប់ ហើយយើងដែលពុំបានស្ដារ និងអភិវឌ្ឍន៍ ជាច្រើនឆ្នាំមកហើយ

២. ដើម្បីជំរុញការងារអនុវត្តគ្រោងឲ្យបានលឿនទៅមុខ និងទាន់ពេលវេលា មានការងារមួយចំនួន ដែលក្រុមការងារត្រូវចាប់ផ្ដើមអនុវត្តដូចជា៖

-ពន្លឿនការងាររៀបចំក្រុមការងារបច្ចេកទេសអនុវត្តគម្រោង

-ពន្លឿនការងារចុះពិនិត្យនិយាមកា និងកំណត់បង្គោលព្រំប្រទល់ព្រែកជីក ដែលត្រូវមានការចូលរួមសហការពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរដែនដី

-ការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលដល់មន្ត្រីជំនាញក្នុងក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តការងារឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន២គន្លង។

ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេកមានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។

គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕

ដោយ ៖ សិលា


ចែករំលែក៖