ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ស្នាមញញឹមរបស់កូនខ្មែរគ្រប់ៗរូបជាស្នាមញញឹមដ៏ស្រស់ស្រាយ រាក់ទាក់ ទាក់ទាញ ដែលពិភពលោកទទួលស្គាល់ និងប្រសិទ្ធនាមថា“ស្នាមញញឹមខ្មែរ”

ចែករំលែក៖

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”ត្រូវបានប្រកាសបើកជាផ្លូវការ ស្ថិតនៅបរិវេណ ខាងមុខប្រាសាទអង្គរវត្តនៃខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះបានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អគ្គនាយក អគ្គនាយករងអាជ្ញាធរជាតិអប្សរា ប្រធានសមាគមសិល្បៈករខ្មែរ តំណាងរដ្ឋបាលខេត្ដសៀមរាប លោក លោកស្រីតំណាងអង្គភាព មន្ទីរពាក់ព័ន្ធជុំវិញខេត្ត សិល្បៈករ សិល្បៈការិនី អ្នកផលិតមាតិការម្ហូបអាហារ អាជីវករ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមាន ប្រសាសន៍ថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” មានគោលបំណងធ្វើការផ្សព្វផ្សាយសិល្បៈវប្បធម៍ ដើម្បីទេសចរណ៍លើទឹកដីប្រវត្តិសាស្រ្តអង្គរដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានប្រសាសន៍ថា  ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ជាសក្ខីភាពមួយដែលបង្ហាញអំពីស្នាមញញឹមនៃប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក ក៏ដូចជាសម្រស់ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទខ្មែរ ជាតំណាងនៃអរិយធម៍ដ៏រុងរឿងនៃបុព្វបុរសខ្មែរដ៏សំបូរបែប រួមទាំងទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយសីលធម៍សង្គម ដែលជានិមិត្តរូបនៃស្មារតីឯកភាពជាតិយូរអង្វែងបន្តពីដូនតាមក។

សម្តេចកិត្តិសង្គហបណ្ឌិតមានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ក៏ជាផ្នែកមួយនៃគោលនយោបាយ និងទិសដៅទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍នៅខេត្តសៀមរាបឱ្យបានងីបឡើងវិញ បន្ទាប់បានរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩។

សូមជម្រាបថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”ត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ដោយសមាគមសិល្បៈករខ្មែរ ក្រោមកិច្ចសហការគាំទ្រពីក្រសួងវប្បធម៍និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងសហព័ន្ធទេសចរណ៍។ សកម្មភាពមួយចំនួនក្នុងព្រឹត្តិការណ៍ខាងលើរួមមាន៖ កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួម៕

ដោយ៖ សូរិយា


ចែករំលែក៖