ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរដល់លោកស្រី Paetongtarn ដែលក្លាយជានាយករដ្ឋមន្រ្តីស្រ្តីទី២ របស់ប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ ៖ លោកជំទាវ Paetongtarn Shinawatra ប្រធាន

គណបក្សភឿថៃ

រាជធានីបាងកក

លោកជំទាវ ជាទីគោរពរាប់អាន!

ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅ ជាទីបំផុតចំពោះ លោកជំទាវ ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទី៣១ និងជានាយករដ្ឋស្តីទី២ នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៤។

ក្នុងនាមជាប្រធានគណបក្សភឿថៃ លោកជំទាវ តែងបានលះបង់ពេលវេលានៃជីវិតរបស់ លោកជំទាវ បម្រើប្រយោជន៍សាធារណៈ និងជម្នះបញ្ហាប្រឈមផ្សេងៗ ដើម្បីប្រទេសថៃមួយដែល មានវិបុលភាព និងមានបរិយាបន្នជាងមុន ដែលនេះគឺជាចក្ខុវិស័យគួរឱ្យកោតសរសើរ និងសំខាន់ ក្រៃលែង។

ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ បានឈានដល់កម្រិតកិច្ចសហប្រតិបត្តិការដែលមិន ធ្លាប់មានពីមុនមក ដែលគូសបញ្ជាក់ដោយការចុះហត្ថលេខានូវកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ កាលពីខែកុម្ភៈ ឆ្នាំនេះ។ ខ្ញុំទន្ទឹងរង់ចាំ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រជាជាតិ និង គណបក្សយើងទាំងពីរ និងធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវ និងរដ្ឋាភិបាលរបស់ លោកជំទាវ លើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ ព្រមទាំងបញ្ហា ក្នុងតំបន់នានា។

សូម លោកជំទាវ ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងសូម លោកជំទាវ ទទួលបាននូវ សព្ទសាធុការពរ សុខភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ លោកជំទាវ។

ហ៊ុន សែន

ប្រធាន

គណបក្សប្រជាជនកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖