ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគអនឡាញ

ចែករំលែក៖

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ អង្គភាព នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា ៖ ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគអនឡាញ និងមានការសម្របសម្រួលពីលោកព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅដល់ការបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យ១នាក់ ឈ្មោះ អ.ផ.ន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ចបញ្ជាក់ថា ៖ ក្រោយការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនត្រូវបានជនអនាមិកប្រើប្រាស់បណ្តាញសង្គមតេឡេក្រាមអូសទាញ ឱ្យប្រគល់គណនីធនគារដល់ជនអាមិកនោះ ដើម្បីយកទៅប្រើប្រាស់ក្នុងការទទួលប្រាក់ជាថ្នូរនឹងផលប្រយោជន៍ ដែលបានមកពីការឆបោកប្រាក់ ក្រោមរូបភាពរិនិយោគអនឡាញ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ដោយ ៖ សិលា


ចែករំលែក៖