ភ្នំពេញ ៖ គណនីបណ្តាញសង្គមមួយចំនួនបានប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ក្នុងចេតនាទុច្ចរិតបង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ ។ នេះបើយោងតាមសេចក្តីជូនដំណឹងពីធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ធនាគារជាតិនៃកម្ពុជាចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ៖ ⚠️
នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញគណនីបណ្តាញសង្គមមួយចំនួនបានប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិតបង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។
ធនាគារជាតិនៃកម្ពុជា សូមបដិសេធទាំងស្រុងចំពោះបណ្តាញខុសច្បាប់ទាំងនោះ និងសូមអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលល្បិចឆបោក ដែលអាចនាំឱ្យបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្សេងៗ តាមរយៈការចូលរួមវិនិយោគជាមួយក្រុមទាំងឡាយណាដែលពុំមានអាជ្ញាប័ណ្ណនិងការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។
សូមបញ្ជាក់ផងដែរថាធនាគារជាតិនៃកម្ពុជាពុំមានក្រុមឆាណែល ឬគណនី Telegram ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថលឡើយ៕ សូមអរគុណ!
ដោយ ៖ សិលា