ភ្នំពេញ ៖ លោក ឥន សុផល សាស្រ្តាចារ្យបណ្ឌិតវិទ្យាសាស្រ្តនយោបាយពន្យល់បន្ថែមពីការងារបោះបង្គោលព្រំដែនចំនួន៨ចំណុចដូចខាងក្រោម ៖
១. ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្រុមជំនាញព្រំដែនកម្ពុជា ខិតខំព្យាយាមពុះពារគ្រប់ឧបសគ្គក្នុងការចុះស្វែងរក និងបោះបង្គោលព្រំដែន កន្លែងខ្លះពួកគាត់ត្រូវដើរកាត់ព្រៃចម្ការមីន ស្នាក់នៅក្នុងព្រៃកណ្តាលថ្ងៃ យប់ ភ្លៀងផ្គរ មិនដែលបង្ហោះបង្ហាញឱ្យគេដឹង! ផ្ទុយទៅវិញ ពួកគាត់ត្រូវបានពលរដ្ឋមួយចំនួន នាំគ្នាជេរប្រមាថថែមទៀត! រហូតមកដល់ពេលនេះពួកគាត់ខ្លះចាស់ជរា ខ្លះបានស្លាប់ទាំងបិទភ្នែកមិនជិត ដោយសារការជេរប្រមាថ!
២. ដើម្បីបោះបង្គោលព្រំដែនឱ្យបានត្រឹមត្រូវ គណៈកម្មាធិការជំនាញព្រំដែន យកផែនទី Bonnខ្នាត១/១០០.០០០ និងផែនទីបំពេញបន្ថែម UTM ខ្នាត ១/៥០.០០០ ដើម្បីកំណត់និយាមការភូមិសាស្ត្រ។ ក្រុមអ្នកជំនាញព្រំដែនកម្ពុជា និងវៀតណាម បានកំណត់យក GPS Dual Frequency Leica-1200 ទំនើបចុងក្រោយបំផុត ដើម្បីធ្វើការវាស់វែងពីផ្កាយរណប។ បន្ទាប់មកគណៈកម្មាធិការទាំងពីរ បានប្រើយន្តហោះ ថតពីលើអាកាសតាមខ្សែបន្ទាត់ព្រំដែន ចាប់ផ្តើមចេញពីបង្គោលព្រំដែនលេខ០ចំណុចកម្ពុជា ឡាវ និងវៀតណាម រហូតដល់បង្គោល៣១៤ ខេត្តកំពត និងថតពីផ្កាយរណប ដើម្បីផ្ទៀងផ្ទាត់និយាមការភូមិសាស្ត្រឱ្យបានត្រឹមត្រូវច្បាស់លាស់។
៣.បន្ទាប់មកគណៈកម្មាធិការជំនាញព្រំដែនទាំងពីរ បានបោះបង្គោលតម្រុយជាបឋម ដើម្បីវាស់វែងកំណត់និយាមការភូមិសាស្ត្រ ផ្ទៀងផ្ទាត់ជាមួយនិយាមការភូមិសាស្ត្រដែលបានកត់ត្រានៅក្នុងសន្ធិសញ្ញាព្រំដែនដូចមាននៅលើផែនទី Bonnខ្នាត១/១០០.០០០ និងផែនទីបំពេញបន្ថែម UTM ខ្នាត ១/៥០.០០០ ឱ្យបានត្រឹមត្រូវច្បាស់លាស់ ទើបធ្វើការបោះបង្គោលជាផ្លូវការ។
៤.បន្ទាប់ពីកំណត់និយាមការភូមិសាស្ត្រច្បាស់លាស់ គណៈកម្មាធិការជំនាញព្រំដែនទាំងពីរ បានភ្ជាប់ GPS ជាមួយ Frequency Asia Pacific អន្តរជាតិ និងបានថតបញ្ចូលលេខនិយាមការគ្រប់បង្គោលទាំងអស់រក្សាទុកក្នុង Computers របស់គណៈកម្មាធិការជំនាញព្រំដែនទាំងពីរ ព្រមទាំងបានកត់ត្រាច្បាស់លាស់ពីនិយាមការភូមិសាស្ត្រនៅលើសន្ធិសញ្ញាព្រំដែននៃប្រទេសទាំងពីរ។
៥. បង្គោលព្រំដែនភ្លោះ គេបោះសងខាងទន្លេ, ព្រែក, ស្ទឹង ដើម្បីសម្គាល់ថាខ្សែព្រំដែនរត់តាមជ្រលងទឹកជ្រៅ ការធ្វើបែបនេះដើម្បីឱ្យប្រជាជនទាំងពីររអាចប្រើប្រាស់ទឹក និងបើកបរទូក ការណូតបាន ប៉ុន្តែប្រជាជនប្រទេសមួយ មិនអាចឡើងច្រាំងខាងទឹកដីប្រទេសមួយទៀតបានទេ លើកលែងមានគ្រោះអាសន្ន ដូចជាលិចទូក, សង្គោះបន្ទាន់…។ល។ បន្ទាប់ពីភាគីទាំងពីរបោះបង្គោលព្រំដែនរួច អត់មាន “តំបន់ស” ទេ ! ទាន់នៅបារមី !
៦. ក្រៅពីលេខនិយាមការភូមិសាស្ត្រ បង្គោលព្រំដែននីមួយៗ ត្រូវធៀបទៅនឹងវត្ថុធាតុគោលផ្សេងៗ មានវត្តអារ៉ាម, ព្រែក, បឹង, ទន្លេ…។ល។ ឧទាហរណ៍ៈ បង្គោលព្រំដែនលេខ ១៧១ (សុំមើលពីរបៀបដែលគណៈកម្មាធិការជាតិព្រំដែនបានកំណត់ទីតាំងបង្គោលព្រំដែននីមួយៗ និងវត្ថុធាតុគោល និងផ្លូវទៅទីតាំងបង្គោល តើហ្មត់ចត់ និងល្អិតល្អន់បែបណា)។
៧. ចាប់ពីពេលនេះតទៅកម្ពុជាមានបង្គោលព្រំដែនច្បាស់លាស់ និងអាចរក្សាបានទឹកដីគង់វង្សដល់កូនចៅខ្មែរជំនាន់ក្រោយរាប់រយឆ្នាំ ក៏មិនអាចរំកិលបង្គោលព្រំដែននីមួយៗបានដែរ ព្រោះសូម្បីតែរំកិល (១សម.) ក៏ធ្វើឱ្យលេខនិយាមការប្រែប្រួលខុសលេខនិយាមការនៅក្នុងសន្ធិសញ្ញារវាងប្រទេសទាំងពីរដែរ។
៨. រឿងដែលយើងត្រូវធ្វើ គឺខេត្តនៅជាប់ព្រំដែនសហការជាមួយវិទ្យាល័យ បង្កើតកម្មវិធីនាំកូនសិស្សនៅក្នុងខេត្តរបស់ខ្លួនទៅមើលបង្គោលព្រំដែន និងពន្យល់ឱ្យច្បាស់ពីវត្ថុធាតុគោលចំណាំព្រំដែន មានតែអ្នកស្រុកជាប់ព្រំដែនទេ ដែលពួកគាត់រស់នៅតកូនតចៅ អាចចំណាំបង្គោលព្រំដែនបាន បើមានបង្គោលណាខុសទីតាំង ពួកគាត់អាចរាយការណ៍ទៅអាជ្ញាធរខេត្ត ខេត្តរាយការណ៍មកគណៈកម្មាធិការព្រំដែន ដើម្បីរៀបចំកិច្ចប្រជុំជាមួយភាគីវៀតណាម រួចចុះទៅពិនិត្យ ផ្ទៀងផ្ទាត់ ទៅតាមនិយាមការភូមិសាស្ត្រដែលមាននៅក្នុងសន្ធិសញ្ញា និងប្រើប្រាស់ GPS ដូចដែលគណៈកម្មាធិការទាំងពីរបានឯកភាពគ្នាប្រើ។
ចំណាំ ៖ ការប្រើផែនទីផ្សេងខុសពីផែនទី Bonn ខ្នាត ១/១០០.០០០ និងផែនទី UTM ខ្នាត ១/៥០.០០០ឬប្រើ GPS ខុសពី GPS ដែលគណៈកម្មាធិការជាតិព្រំដែនទាំងពីរបានកំណត់ គឺមិនអាចយកជាការបានទេ៕
ដោយ ៖ សិលា