ខេត្តបាត់ដំបង÷នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងធ្វើការបង្រ្កាបករណីហិង្សាដោយចេតនា បង្កទំនាស់ដាក់គ្នាទៅវិញទៅមក រវាងបុរស២ក្រុមដោយនាំខ្លួន៤នាក់ មកកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីសាកសួរស្រាវជ្រាវក្នុងនោះគឺ៖
១-ឈ្មោះ ម៉ី សុវណ្ណគីរី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ អៀង ឧត្តមសុផានិត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣-ឈ្មោះ វន សិលា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៤-ឈ្មោះ ទឹម សំណាង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា នាវេលាម៉ោង០២និង៣០នាទី រំលងអាធ្រាត្រថ្ងៃទី ១៥ ខែ ឧសភា ឈានចូលថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៦ នៅចំណុចក្រុមទី១៩ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សានេះកើតឡើង ដោយទំនាស់ពាក្យសំដីរវាងបុរស០២ក្រុមប្រដាប់ដោយដុំថ្ម ដាក់គ្នាទៅវិញទៅមក បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រីដល់ប្រជាពលរដ្ឋនៅចំណុចកើតហេតុខាងលើ។
ទទួលបានព័ត៌មាននេះ លោកអធិការនគរបាលក្រុងបានដឹកនាំទៅដល់កន្លែងកើតហេតុ តែក្រុមបង្កបាន
បំបែកគ្នាចាកចេញពីកន្លែងកើតហេតុ តែសមត្ថកិច្ចបន្តស្រាវជ្រាវរហូតឈានទៅនាំខ្លួនពួកគាត់៤នាក់ក្នុង
ចំណោមបក្សពួកផ្សេងទៀតដែលកំពុងគេចខ្លួន នាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងសាកសួរ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានឱ្យដឹងថា ទាំងពីរក្រុមនេះ បានទាស់ពាក្យសំដីដាក់គ្នារហូតឈានទៅប្រើហិង្សាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលកណ្តាលក្រុងបាត់ដំបង ហើយពេលនេះ នគរបាលក្រុងបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅអនុវត្តកំហុសតាមផ្លូវច្បាប់នៅសាលាដំបូងខេត្តបាត់ដំបង។
គួរបញ្ជាក់ជូនថានារាត្រីដដែលនេះ ក៏មានករណីហិង្សាមួយទៀតកើតឡើង នៅកណ្តាលក្រុងបាត់ដំបង បង្កឱ្យមានការភ្ញាក់ផ្អើលពីមហាជនដែលធ្វើដំណើរតាមដងផ្លូវ ដោយទិដ្ឋាភាពនេះត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម ។
មកដល់ពេលនេះ ក្រោមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចកំណត់អត្តសញ្ញាណនៃគូរទំនាស់នោះបានហើយ អាចឈានទៅនាំខ្លួនមកធ្វើការសាកសួរ និងចាត់វិធានការតាមច្បាប់ចំពោះករណីអាណាធិបតេយ្យកណ្តាលក្រុងបែបនេះ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច