ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគអន្តរជាតិ ៖ តើអាមេរិកនិងសហភាពអឺរ៉ុបមានបំណងទុច្ចរិតអ្វីខ្លះដែលគាំទ្រទង្វើរំលោភសិទ្ធិនិងបង្កហេតុរបស់ហ្វីលីពីន?

ចែករំលែក៖

 អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៣ ខែកញ្ញានេះ បានផ្សាយថា ៖ ថ្ងៃទី១ខែកញ្ញាតាមម៉ោងក្នុងតំបន់  នាយកដ្ឋានសេវាកម្មកិច្ចការបរទេសរបស់សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ ដោយវាយប្រហារនាវាឆ្មាំសមុទ្រចិនដែលបានចាត់ប្រតិបត្តិការដ៏គ្រោះថ្នាក់ចំពោះនាវាហ្វីលីពីននៅសមុទ្រចិនខាងត្បូង។ មុននេះ ក្រសួងការបរទេសអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍ដោយមួលបង្កាច់នាវាឆ្មាំសមុទ្រចិនថាបាន”បំបុកដោយចេតនា”ជាមួយនាវាហ្វីលីពីនផងដែរ។ ប៉ុន្តែ  ការឃោសនាបំប៉ោងនិងការសម្ដែងខាងនយោបាយ របស់អាមេរិកនិងសហភាពអឺរ៉ុបសុទ្ធតែគ្មានភស្តុតាងអ្វីទាល់តែសោះ។

  គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ ក្នុងរយៈពេលត្រឹមតែដប់ថ្ងៃប៉ុណ្ណោះ  ប្រទេសហ្វីលីពីនបានធ្វើប្រតិបត្តិការបំពានចូលដ៏គ្រោះថ្នាក់បំផុតចំនួនបួនដងនិងប្រតិបត្តិការដឹកជញ្ជូននិងបោះទម្លាក់តាមផ្លូវអាកាសនៅដែនសមុទ្ធនៃថ្មប៉ប្រះទឹកRen’aiនិងថ្មប៉ប្រះទឹកXianbinរបស់ប្រទេសចិន។ ក្នុងនោះ ប្រតិបត្តិការថ្មីបំផុតបានកើតឡើងនៅថ្ងៃទី៣១ខែសីហា។តាមរយៈវីដេអូផ្សាយផ្ទាល់  អ្នកផងទាំងពួងអាចមើលឃើញយ៉ាងច្បាស់លាស់ថា៖នាវាឆ្មាំសមុទ្រហ្វីលីពីនលេខ៩៧០១ដែលបានចតដោយខុសច្បាប់នៅថ្មប៉ប្រះទឹកXianbinរបស់ប្រទេសចិន បានលើកយុថ្កា  និងបើកបំបុកដោយចេតនាប្រកបដោយគ្រោះថ្នាក់ជាមួយនាវាឆ្មាំសមុទ្រចិនដែលកំពុងគាំពារសិទ្ធិនិងអនុវត្តច្បាប់ជាប្រក្រតីភាព  បណ្តាលឱ្យមានការប៉ះទង្គិចគ្នា។ចំណាត់ការនៅនឹងកន្លែងរបស់ភាគីចិនគឺសមហេតុផល  មានភាពជំនាញ ស្របច្បាប់ និងមានបទដ្ឋាន។លើសពីនេះទៀត  វីដេអូក៏បានលេចចេញនូវរូបភាពដែលយន្តហោះឈ្លបយកការណ៍P-8Aរបស់កងទ័ពអាមេរិក មកជ្រៀតជ្រែកប្រតិបត្តិការអនុវត្តច្បាប់របស់ឆ្មាំសមុទ្រចិនផងដែរ។ ទង្វើទាំងនេះបានបញ្ជាក់យ៉ាងច្បាស់លាស់ថា   ភាគីហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះរឿងបុកគ្នារវាងនាវារបស់ភាគីទាំងពីរ ។ អ្នកដែលកំពុងបង្កហេតុនិងធ្វើឱ្យស្ថានការណ៍ឡើងកម្តៅនៅសមុទ្រចិនខាងត្បូងគឺប្រទេសហ្វីលីពីន រីឯអ្នកដែលជំរុញឱ្យស្ថានការណ៍ឡើងកម្តៅនៅពីក្រោយឆាក ហើយខ្លាចតែសមុទ្រចិនខាងត្បូងមិនច្របូកច្របល់គឺជាអាមេរិក។

   គេហទំព័រ «CCFR China state-controlled media » ថា ៖ អាមេរិកនិងសហភាពអឺរ៉ុបមិនមែនជាសាមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ  ហើយក៏គ្មានសិទ្ធិលូកដៃចំពោះរឿងនេះដែរ។ ពួកគេគាំទ្រប្រតិបត្តិការបង្កហេតុរបស់ភាគីហ្វីលីពីនដែលបំពានលើអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន  គឺដោយសារពួកគេមានបំណងទុច្ចរិតរៀងៗខ្លួននៅពីក្រោយ។

      បើនិយាយចំពោះភាគីអាមេរិក  ប្រទេសហ្វីលីពីនស្ថិតនៅចំណុចសំខាន់ដែលហៅថា“ខ្សែសង្វាក់កោះទីមួយ” ហើយមានវិវាទដែនសមុទ្រជាមួយប្រទេសចិន  ហ្វីលីពីនគឺជាជម្រើសដំបូងរបស់អាមេរិកក្នុងការជំរុញ“យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”នៅសមុទ្រចិនខាងត្បូង។ ជាការពិត  ចាប់តាំងពីឆ្នាំ២០២៣មក  នៅពីក្រោយសកម្មភាពផ្សងព្រេងនិងបង្កហេតុរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង សុទ្ធតែញុះញង់ដោយអាមេរិក។ ពីការចាត់បញ្ជូនអ្នកសារព័ត៌មានតាមថតនិងឃោសនាបំប៉ោង ដល់ការផ្តល់ជំនួយស៊ើបការណ៍នៅកន្លែងកើតហេតុនិងជំនួយការទូត រហូតដល់ព្រលយសម្តីថា《សន្ធិសញ្ញាការពាររួមគ្នារវាងអាមេរិកនិងហ្វីលីពីន》គឺសមស្របប្រើនៅសមុទ្រចិនខាងត្បូង  គោលបំណងរបស់ភាគីអាមេរិកគឺចង់រុញច្រានហ្វីលីពីនឱ្យចូលក្នុងភ្នក់ភ្លើង  បង្កភាពច្របូកប្របល់នៅដែនសមុទ្រចិនខាងត្បូង ហើយបន្ថែមថ្លៃដើមនៃការគាំពារសិទ្ធិលើសមុទ្ររបស់ប្រទេសចិន ដើម្បីរឹតបន្ដឹងនិងធ្វើបាបប្រទេសចិន។

  គេហទំព័រ «CCFR China state-controlled media » លើកឡើងថា ៖ ចំណែកសហភាពអឺរ៉ុបវិញ  ក្រោមការជ្រៀតចូលរយៈពេលវែងរបស់អាមេរិក បូករួមទាំងផលប៉ះពាល់ដែលនាំមកដោយវិបត្តិអ៊ុយក្រែន ឯករាជ្យភាពនៃនយោបាយនិងការទូតរបស់សហភាពអឺរ៉ុបបានរងការប៉ះពាល់។ ក្នុងកម្រិតធំ    ការលូកដៃចូលក្នុងកិច្ចការអាស៊ីប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប  គឺដើម្បីសហការជាមួយយុទ្ធសាស្ត្រសកលរបស់អាមេរិក ហើយក៏ចង់ឆ្លៀតឱកាសនេះពង្រីកឥទ្ធិពលរបស់ខ្លួនផងដែរ។

      មិនថាអាមេរិកនិងសហភាពអឺរ៉ុបគាំទ្រដល់ហ្វីលីពីនយ៉ាងណាក៏ដោយ  ក៏វាមិនអាចកែប្រែការពិតដែលថាថ្មប៉ប្រះទឹកXianbin ជាកម្មសិទ្ធិរបស់ប្រទេសចិនទេ ហើយក៏មិនអាចបិទបាំងធាតុពិតនៃការរំលោភលើអធិបតេយ្យភាព សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន ហើយក៏មិនអាចជួយភាគីហ្វីលីពីនសម្រេចបាននូវបំណងទុច្ចរិតដែលចង់កាន់កាប់កោះ និងថ្មប៉ប្រះទឹកកាន់តែច្រើននៅសមុទ្រចិនខាងត្បូងដែរ។

សមុទ្រចិនខាងត្បូងគឺជាសមុទ្រសន្តិភាព ហើយការការពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង គឺជាសេចក្តីប្រាថ្នារួមរបស់ប្រទេសក្នុងតំបន់។ ការដកនាវាដែលចតដោយខុសច្បាប់ជាបន្ទាន់ និងបញ្ឈប់ទង្វើរំលោភសិទ្ធិនិងបង្កហេតុជាបន្ទាន់ គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ហ្វីលីពីន។ បើមិនដូច្នេះទេ  ហ្វីលីពីននឹងបង់តម្លៃកាន់តែច្រើន។  ភាគីចិនមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំមិនងាករេក្នុងការគាំរពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន  ហើយក៏មានការប្ដេជ្ញាចិត្តយ៉ាងមុតមាំមិនងាករេក្នុងការបន្តរួមជាមួយប្រទេសក្នុងតំបន់ដើម្បីគាំរពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូងផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖