ព័ត៌មានទាន់ហេតុការណ៍៖

លោក ជៀង អំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈកម្មាធិការគណបក្សខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖ លោក ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរីនៅទីស្នាក់ការគណៈកម្មាធិការគណបក្សខេត្ត រតនគិរី។ 

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោក ញ៉ែម សំអឿន ប្រធានគណបក្សខេត្ត ព្រមទាំងសមាជិក សមាជិកាគណបក្សខេត្ត ក្រុង ស្រុក សរុបប្រមាណជាង២០០នាក់។

លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី បានធ្វើរបាយការណ៍ជូនអង្គប្រជុំជ្រាបអំពីលទ្ធផលការងារជាច្រើនដែលសម្រេចបានក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ ក្នុងបុព្វហេតុបម្រើប្រជាជន និងការពង្រឹងគណបក្ស។

ជាក់ស្តែង មន្រ្តីគណបក្សមូលដ្ឋានដោយមានការគាំទ្រពីក្រុមការងារគ្រប់លំដាប់ថ្នាក់បានចូលរួមយ៉ាងសស្រាក់សស្រាំ ដោយយកអស់នូវកម្លាំងកាយ ចិត្ត និងស្មារតីចូលរួមអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស, កម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងជាពិសេសគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

លោកប្រធានគណបក្សខេត្តបានបន្តលើកឡើងថា ក្រោមការដឹកនាំនិងការតម្រង់ទិសជាបន្តបន្ទាប់របស់លោកជៀង អំ, បច្ចុប្បន្នទាំងមន្រ្តីគណបក្សមូលដ្ឋាននិងមកពីថ្នាក់កណ្តាលបានបង្រួបបង្រួម, ប្រមូលកម្លាំង និងច្របាច់បញ្ចូលពីថ្នាក់កណ្តាល, ថ្នាក់ខេត្ត, ក្រុង-ស្រុក, ឃុំ-សង្កាត់,កម្លាំងយុវជននិងសកម្មជនគណបក្សឱ្យក្លាយជាអង្គតែមួយ ក្នុងរចនាសម្ព័ន្ធក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី ចាប់ពីកម្រិតខេត្ត រហូតដល់កម្រិតគ្រប់ភូមិ។

លោក ជៀង អំ  បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនិងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរី ដែលកន្លងមកបានខិតខំយកអស់កម្លាំងកាយ ចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជននិងគណបក្ស ជាពិសេសការសម្រេចបានជោគជ័យដ៏ធំធេងលើសពីការរំពឹងទុកនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥  និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ។

ឈរលើមូលដ្ឋាននេះ លោក ជៀង អំ បានផ្តាំផ្ញើដល់មន្រ្តីគណបក្ស ទាំងមកពីថ្នាក់កណ្តាល និងមូលដ្ឋាន ត្រូវបន្តរួបរួមគ្នាជាកម្លាំងសរុបក្នុងបុព្វហេតុតែមួយ គឺបម្រើប្រជាជន និងដណ្តើមសន្លឹកឆ្នោតជូនគណបក្ស ដើម្បីសម្រេចចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា។

លោក ជៀង អំ បានបន្តណែនាំដល់មន្រ្តីគណបក្សខេត្តរតនគិរីបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ និងត្រូវបន្តខិតខំបម្រើប្រជាជន ជាពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួនដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង។

លោកក៏បានបន្តក្រើនរំលឹកដល់មន្រ្តីបក្សថា ក្នុងការបំពេញភារកិច្ច គឺត្រូវប្រកាន់ខ្ជាប់ និងគោរពឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ហើយបើក្នុងករណីមានការប្រព្រឹត្តខុសឆ្គង គឺត្រូវប្រញាប់កែកំហុសរបស់ខ្លួន ដោយយកតាមអភិក្រម នាំគ្នាឆាប់ដុសក្អែល បើពុំនោះទេ នឹងប្រឈមមុខជាមួយនឹងការវះកាត់ជាក់ជាមិនខានឡើយ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖