ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មេត្តាជ្រាបថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាបុណ្យប្រពៃណីជាតិខ្មែរយើង ដែលតែងតែប្រារព្ធធ្វើឡើង តាំងពីបរមបុរាណយូរលង់ណាស់មកហើយ។ ក្នុងន័យនេះ ដើម្បីលើកស្ទួយ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាសជូនប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ បានចូលរួមទស្សនាកម្សាន្តសប្បាយក្នុងឱកាសនោះ រដ្ឋបាលខេត្តនឹងរៀបចំ ប្រារព្ធពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃព្រហស្បតិ៍-សុក្រ ១៤-១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងស្ទឹង សៀមរាប ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ដែលមានកម្មវិធីដូចខាងក្រោម៖
១-ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤
ម៉ោង១៥:០០នាទី ៖ ពិធីបើកការប្រណាំងទូកង” ចាប់ដំណើរការ
២-ថ្ងៃសុក្រ ទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៤
– ម៉ោង០៨:០០នាទី ៖ ការប្រណាំងទូកង” វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
– ម៉ោង១៤:០០នាទី ៖ ការប្រណាំងទូកង” វគ្គផ្តាច់ព្រ័ត្រ
– ម៉ោង២០:០០នាទី ៖ ពិធីដង្ហែ និងបណ្តែតប្រទីប ពិធីសំពះព្រះខែ អកអំបុក
ជាមួយនឹងកម្មវិធីដូចដែលបានជម្រាបជូនខាងលើ ព្រឹត្តិការណ៍នេះក៏មានការរៀបចំការដាក់តាំង ពិព័រណ៍ម្ហូបអាហារ ពិព័រណ៍ផលិតផលក្នុងស្រុក ការប្រគុំតន្ត្រី សិល្បៈកំសាន្ត ការបាញ់កាំជ្រួចដើម្បីញ៉ាំងឱ្យ ព្រះរាជពិធីបុណ្យនេះកាន់តែមានភាពអធិកអធមថែមទៀត។
រដ្ឋបាលខេត្តសៀមរាប មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និមន្ត យាង និងអញ្ជើញ ចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ។
រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្ត ទូរសព្ទលេខ 012 598-672 ឬលោក កុសល មករាពិសិទ្ធ នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការ អន្តរជាតិ ទូរសព្ទលេខ 012 239-699 ៕
ដោយ ៖ សិលា