ព័ត៌មានទាន់ហេតុការណ៍៖

អនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ ក្រោយគេចខ្លួនបាត់២ឆ្នាំ

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងជំនាញផ្នែកយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ យកទៅដាក់ទោសតាមផ្លូវច្បាប់​ ក្រោយព្យាយាមរត់គេចខ្លួនបាត់​អស់​រយៈពេល​២ឆ្នាំ​។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅចំណុចភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល​ បានដឹកនាំ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦១៦ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ របស់លោក សយ យូសុមនា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ឡេង បូលីន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន បណ្ដាលឱ្យស្លាប់អ្នកដទៃ ប្រព្រឹត្តនៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិក្ដុល សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ បទល្មេីសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តឲ្យផ្ដន្ទាទោសតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។

 បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖