សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ បានផ្សាយថា នៅថ្ងៃពុធសប្តាហ៍នេះ ចិននឹងបញ្ជូនអវកាសយានិក៣នាក់ទៀត ឡើងទៅកាន់ស្ថានីយអវកាសរបស់ខ្លួន ខណៈវាគឺជាបេសកកម្មសរុបលើកទី១៤ហើយ របស់ប្រទេសចិន ក្នុងការបញ្ជូនមនុស្សឡើងទៅទីអវកាស។
ក្នុងចំណោមបេសកកម្មទាំង១៤នោះ បេសកកម្មចំនួន៨ គឺជាការធ្វើដំណើរទៅកាន់ស្ថានីយ Tiangong ដែលជាស្ថានីយអវកាសចិនសាងសង់ឡើងដោយខ្លួនឯង។ បេសកកម្មចុងក្រោយគេ ហៅថា Shenzhou-19 នឹងដឹកនាំដោយអវកាសយានិក ឈ្មោះ Cai Xuzhe ដែលធ្លាប់បានស្ថិតក្នុងបេសកកម្ម Shenzhou-14 កាលពីខែមិថុនា ឆ្នាំ២០២២។ សម្រាប់អវកាសយានិក ២នាក់ទៀត គឺ Song Lingdong និង Wang Haoze បេសកកម្ម Shenzhou 19 គឺជាបេសកកម្មលើកដំបូងរបស់ពួកគេ។
បច្ចុប្បន្ន Wang គឺជាអវកាសយានិកចិនទី៣ ដែលជាស្រ្តី។ ស្រ្តីអវកាសយានិកចិន២នាក់មុន រួមមាន Liu Yang និង Wang Yaping ដែលម្នាក់ៗ ធ្លាប់បានបំពេញបេសកកម្ម២លើករួចមកហើយ។ ប្រទេសចិន បានធ្វើបេសកកម្មឡើងទៅទីអវកាសជាលើកដំបូង ដែលមិនមានផ្ទុកមនុស្ស ក្នុងបេសកកម្ម Shenzhou-1 កាលពីខែវិច្ឆិកា ឆ្នាំ១៩៩៩។ បេសកកម្មមិនផ្ទុកអវកាសយានិកចំនួន៣លើកទៀត ត្រូវបានធ្វើឡើងបន្ទាប់ពីនោះ មុនពេលលោក Yang Liwei ក្លាយជាជនជាតិចិនដំបូងគេ ដែលត្រូវបានបញ្ជូនឡើងទៅទីអវកាស ក្នុងបេសកកម្ម Shenzhou-5 កាលពីឆ្នាំ២០០៣៕ ដោយ៖ ធីរីណា
រូបថត៖ REUTERS