ខេត្តស្វាយរៀង៖ នាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មន្រ្តីជំនាញ តែងតែចុះស្រាវជ្រាវ និងត្រួតពិនិត្យជនបរទេសដែលចូលមករស់នៅក្នុប្រទេសកម្ពុជា ជាប្រចាំ ដេីម្បីទប់ស្កាត់ការលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។
ជាក់ស្ដែងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៦នាក់ (ស្រី៨នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីថ្មីៗនេះ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី មានអាកប្បកិរិយាធ្វើឱ្យខូចប្រយោជន៍ សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម (ស៊ីឈ្នួលពពោះជំនួស) គ្រឿងញៀនប្រព្រឹត្តនៅប្រទេសវៀតណាម និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
ដោយ៖ តារា