ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា ៖ ថ្ងៃនេះត្រេកអរ និងសូមអរគុណដល់ស្ថាប័នពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលប្អូនស្រី!

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយជាទីបំផុត ដែល ៖

ទី១. នៅពេលទទួលដំណឹងថា សមត្ថកិច្ចចិន បានជួយអន្តរាគមន៍ប្អូន ទៅកាន់ការិយាល័យនគរបាលចិន ។

និងទី២. កាន់តែសប្បាយចិត្តថែមទៀត នៅពេលដែលលឺព័ត៌មានថា ប្អូន បានមកដល់ប្រទេសកម្ពុជាយើង ដោយសុវត្ថិភាព ហើយរហូតដល់ចង់ជួប ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តប្អូន។

លោកអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តថា ៖ ទីបំផុត នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ តាមរយៈក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្អូនមែន និងបានឧបត្ថម្ភថវិកា ចំនួន ២លានរៀល ដើម្បីជាការលើកទឹកចិត្ត និងជំរុញការខិតខំប្រឹងប្រែងរបស់ប្អូនស្រី បន្តអនាគតវែងឆ្ងាយទៅមុខទៀត។

លោកអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ៖ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ដែលបានខ្នះខ្នែងជួយលើកិច្ចការងារនេះ ដោយសហការជាមួយសមត្ថកិច្ចចិន ហើយក៏សូមអរគុណដល់សមត្ថកិច្ចចិន ដែលបានអន្តរាគមន៍យ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ សូមអរគុណដល់សមត្ថកិច្ចកម្ពុជា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងអង្គការ រតនៈ International ដែលបានសម្របសម្រួលកិច្ចការងារប្រចាំថ្ងៃ មុននឹងសមាហរណកម្មប្អូនស្រី ទៅកាន់មូលដ្ឋានវិញ។

លោកអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជូនពរប្អូនស្រី មានសុខភាពល្អ សុខសុវត្ថិភាពក្នុងការធ្វើដំណើរវិលត្រឡប់ទៅកាន់ភូមិឋានវិញ និងសម្រេចបានជោគជ័យក្នុងកិច្ចការងារផ្សេងៗ កុំបីខាន៕

ដោយ ៖ សិលា


ចែករំលែក៖