ព័ត៌មានទាន់ហេតុការណ៍៖

ស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្ត ក្រចេះ បណ្ដាលឲ្យស្លាប់ម្នាក់, ជនដៃដល់២នាក់ត្រូវបានចាប់ខ្លួននៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦៖១០នាទី នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានករណីក្មេងទំនើងកាប់គ្នា បង្កឡើងដោយជនសង្ស័យចំនួន២នាក់ រួមមាន ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ ឆ្នាំ បានធ្វើសកម្មភាពជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌នខ្មៅ ស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខណៈពេលកំពុងជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំង០២នាក់ខាង លើ បានរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងរួមមាន ដាវចំនួន០១ដើម, កាំបិតផ្គាក់ចំនួន០១ដើម និងដំបងឈើចំនួន០១ដើម។

 ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១៖៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយធ្វើការឃាត់ ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិខ្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រួមមាន៖

*ទី១៖ ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ

*ទី២៖ ឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

 តាមចម្លើយរបស់ជនសង្ស័យទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦៖១០នាទី ពួកខ្លួនពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ប្រាកដមែន។ មូលហេតុដោយសារតែកន្លងមកជនរងគ្រោះបានធ្វើសកម្មភាពកាប់មកលើពួកខ្លួន ទើបពួកខ្លួនមានការគុំគួន រហូត ដល់មានករណីខាងលើកើតឡើង។

 បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕

ដោយ៖ សូរិយា


ចែករំលែក៖