ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី​ ឌិត​ ទីណា​៖​ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ ត្រូវពង្រឹងនូវការងារភូមិឃុំសុវត្ថិភាព​ លុបបំបាត់ក្មេងទំនេីង​ បងតូច​ បងធំ ជាពិសេសត្រូវទទួលនូវសំណេីនានាពាក់ព័ន្ធវិស័យកសិកម្ម​

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ លោក​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានថ្លែង​លេីកទឹកចិត្តដល់ក្រុមការងារត្រូវពង្រឹងនូវការងារភូមិឃុំសុវត្ថិភាព​ លុបបំបាត់ក្មេងទំនេីង​ បងតូច​ បងធំ ជាពិសេសត្រូវទទួលនូវសំណេីនានាពាក់ព័ន្ធវិស័យកសិកម្ម​ ដោយត្រូវចុះជួយជាជំនួយបច្ចេកទេស​ ផ្តល់វគ្គបណ្តុះបណ្តាល​ និងជំរុញការងារការកសាងសហគមន៍កសិកម្មទំនេីប​ ដែលអាចជួយកាត់បន្ថយថ្លៃដេីមផលិត​ មានផែនការផលិតកម្មច្បាស់លាស់​ ផ្គត់ផ្គង់ត្រូវតាមតម្រូវការទីផ្សារ​ និងមានហានិភ័យទាបសម្រាប់ប្រជាកសិករ​។

យោងតាម​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃ​ពុធ​ទី​៨​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព​ និងលទ្ធផលការងារចុះមូលដ្ឋាន​របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥​ កាលពីរសៀលម្សិលមិញនេះ​ ដែលមានអ្នកចូលរួមចំនួន​ ៨០០នាក់ នៅសាលាខេត្តបន្ទាយមានជ័យ។

ថ្លែងទៅកាន់អង្គពិធី​ លោក​រដ្ឋមន្ត្រី​ បានកោតសរសេីរ​ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ​ ថ្នាក់ខេត្ត​ និងមន្រ្តីរាជការទាំងអស់​ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សរស្រាំ​ដល់ភូមិ​-ឃុំតែម្តង​ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ លេីសពីនេះ​ លោក​រដ្ឋមន្ត្រី​ បានថ្លែងអំណរគុណដល់តំណាងរាស្រ្ត​ព្រឹទ្ធសភា​ ដែលបានចូលរួមគ្រប់សកម្មភាពទាំងអស់​ និងបានចូលរួមដល់ការបំពេញការងារ​ឱ្យទទួលបានប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់។

នាឱកាសនេះផងដែរ​ លោក​រដ្ឋមន្ត្រី​ បានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធី​ ត្រូវចូលរួមបំពេញនូវចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក​ បន្តកសាងសមិទ្ធផលបន្ថែមទៀតក្នុងមូលដ្ឋាន​ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ​ ការទទួលសំណេី​ និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា​ ចំគោលដៅ ក្តាប់ឱ្យបាននូវសណ្ឋានភាព​គ្រប់អនុវិស័យទាំងអស់។

ជាថ្មីម្តងទៀត​ លោក​រដ្ឋមន្ត្រី​ បានសម្តែងនូវការពេញចិត្តជាខ្លាំងនូវការសហការគ្នាបានយ៉ាងល្អទាំងក្រុមការងារថ្នាក់ជាតិ​ និងថ្នាក់ខេត្ត​ ដែលបានខិតខំរួមគ្នាបំពេញការងារ​ក្នុងគោលដៅរួម​ ផ្សាភ្ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ​ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ​ និងសូមជូនពរដល់អង្គពិធីទទួលបានសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕

ដោយ​៖ តារា​


ចែករំលែក៖