ខេត្តកំពង់ធំ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងកាលៈទេសៈដែលថ្លៃស្រូវនៃពូជមកពីប្រទេសដទៃកំពុងស្ថិតក្នុងភាពស្រពេចស្រពឹល និងមានការប្រែប្រួលខ្លាំង ប្រជាកសិករជិត១០០គ្រួសារនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប និងជ្រើសរើសផលិតស្រូវសែនក្រអូបលើផ្ទៃដីដាំដុះជាង២០០០ហិកតា ដើម្បីទទួលបានតម្លៃពិសេស ១៣៥០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃចុះកិច្ចសន្យាទុកជាមុន។
លោកអនុរដ្ឋលេខាធិការបានបន្ថែមថា មានតែការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបទេ ទើបអាចទទួលបាន ការធានាថ្លៃទុកជាមុនតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាទៅបាន។ ពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជាដូចជាស្រូវសែនក្រអូប ដែលធ្លាប់ឈ្នះពានរង្វាន់មាសរហូតដល់ទៅ២ដង តែងមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រោះយើងមានទីផ្សារនាំចេញច្បាស់លាស់ ហើយក៏មានបណ្តាញរោងម៉ាស៊ីនដែលធ្វើការដោយផ្ទាល់ជាមួយក្រសួង ដែលអាចឱ្យយើងអន្តរាគមន៍ក្នុងករណីចាំបាច់បានផងដែរ។
បើមិនមានអ្វីប្រែប្រួលទេ សហគមន៍កសិកម្មទំនើបមួយនេះនឹងអាចដំណើរការបានក្នុងរយៈពេល២-៣ខែខាងមុខ ជាមួយនឹងការគ្រប់គ្រងម៉ាសុីនបូមទឹកខ្នាតធំ និងប្រព័ន្ធធារាសាស្ត្រដែលក្រសួងកសិកម្មទើបបានវិនិយោគរួចជាស្រេចក្នុងតំបន់នេះ ដែលនឹងក្លាយទៅជាមុខរបរបន្ថែមមួយទៀតរបស់សហគមន៍ផងដែរ៕
ដោយ៖ សូរិយា