ខេត្តកំពង់ស្ពឺ៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសេចក្ដីប្រកាសព័ត៍មានស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ បង្កឡើដោយក្រុមក្មេងទំនើងមានគ្នា ៥នាក់ ដោយក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ ជាក្មេងទំនើងទាំងនោះ មាន ៤នាក់ដាក់ពន្ធនាគារ ១០ឆ្នាំ និងម្នាក់ទៀត ត្រូវដាក់ទោស ១៣ឆ្នាំ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃ ទី១០ ខែមករា ឆ្នាំ២០២៥ បានធ្វើការប្រកាសជា សាធារណៈ នូវសាលក្រមព្រហ្មទណ្ឌលេខ ០៤៧ “ឋ” ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅក្នុងសំណុំ រឿងព្រហ្មទណ្ឌលេខ ៥៤៩ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដែលបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ៖
១-ឈ្មោះ ថា ប៊ុនថន ភេទប្រុស អាយុ២០ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ១០ (ដប់) ឆ្នាំ
២-ឈ្មោះ ចន រតនា ហៅ រ័ត្ន ភេទប្រុស ដាក់ពន្ធនាគាររយៈពេល ១០ (ដប់) ឆ្នាំ
៣-ឈ្មោះ មុំ ជីវន្ត ភេទប្រុស អាយុ២៤ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ១០ (ដប់) ឆ្នាំ
៤-ឈ្មោះ គីម គឿន ភេទប្រុស កើតឆ្នាំ២០០៤ ដាក់ពន្ធនាគាររយៈពេល ១០ (ដប់) ឆ្នាំ
៥-ឈ្មោះ កង តារ៉ា ភេទប្រុស កើតឆ្នាំ២០០២ ដាក់ពន្ធនាគាររយៈពេល ១៣ (ដប់បី) ឆ្នាំ
ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ប្រព្រឹត្ត នៅចំណុចដីឡូតិ៍ឡេងណាវ៉ាត្រា ស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ ។
ទន្ទឹមនេះផងដែល ក្រុមប្រឹក្សាជំនុំជម្រះ ក៏ប្រកាសបង្គាប់ឲ្យជនជាប់ចោទទាំងអស់សងសំណង រដ្ឋប្បវេណីទៅឲ្យដើមបណ្តឹងរដ្ឋប្បវេណី សរុបចំនួន ៨០.០០០.០០០ (ប៉ែតសិបលាន) រៀល ផងដែរ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ៖ តារា