ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចផ្តន្ទាទោសលើជនជាប់ចោទ​ ជាក្មេងទំនើងមានគ្នា ៥នាក់​ ក្នុងនោះ​ ៤នាក់ដាក់ពន្ធនាគារ​ ១០ឆ្នាំ​ និងម្នាក់​ត្រូវ​ដាក់​​ទោស ១៣ឆ្នាំ

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសេចក្ដីប្រកាសព័ត៍មានស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ បង្កឡើដោយក្រុមក្មេងទំនើងមានគ្នា ៥នាក់​ ដោយក្រុមប្រឹក្សាជំនុំជម្រះ​ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ​ ជាក្មេងទំនើងទាំងនោះ​ មាន ៤នាក់ដាក់ពន្ធនាគារ​ ១០ឆ្នាំ​ និងម្នាក់​ទៀត ត្រូវ​ដាក់​ទោស​ ១៣ឆ្នាំ។ 

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖​ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃ ទី១០ ខែមករា ឆ្នាំ២០២៥​ បានធ្វើការប្រកាសជា សាធារណៈ នូវសាលក្រមព្រហ្មទណ្ឌលេខ ០៤៧ “ឋ” ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅក្នុងសំណុំ រឿងព្រហ្មទណ្ឌលេខ ៥៤៩ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដែលបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ៖

១-ឈ្មោះ ថា ប៊ុនថន ភេទប្រុស អាយុ២០ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ១០ (ដប់) ឆ្នាំ

២-ឈ្មោះ ចន រតនា ហៅ រ័ត្ន ភេទប្រុស ដាក់ពន្ធនាគាររយៈពេល ១០ (ដប់) ឆ្នាំ

៣-ឈ្មោះ មុំ ជីវន្ត ភេទប្រុស អាយុ២៤ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ១០ (ដប់) ឆ្នាំ

៤-ឈ្មោះ គីម គឿន ភេទប្រុស កើតឆ្នាំ២០០៤ ដាក់ពន្ធនាគាររយៈពេល ១០ (ដប់) ឆ្នាំ

៥-ឈ្មោះ កង តារ៉ា ភេទប្រុស កើតឆ្នាំ២០០២ ដាក់ពន្ធនាគាររយៈពេល ១៣ (ដប់បី) ឆ្នាំ

ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ប្រព្រឹត្ត នៅចំណុចដីឡូតិ៍ឡេងណាវ៉ាត្រា ស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ ។

ទន្ទឹមនេះផងដែល ក្រុមប្រឹក្សាជំនុំជម្រះ ក៏ប្រកាសបង្គាប់ឲ្យជនជាប់ចោទទាំងអស់សងសំណង រដ្ឋប្បវេណីទៅឲ្យដើមបណ្តឹងរដ្ឋប្បវេណី សរុបចំនួន ៨០.០០០.០០០ (ប៉ែតសិបលាន) រៀល ផងដែរ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ​៖ តារា​


ចែករំលែក៖