ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប​ និងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន​ ០៨នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី​១៤​ ខែមករា​ ឆ្នាំ​២០២៥នេះថា៖​ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការស្រាវជ្រាវបង្ក្រាបករណីក្រុមក្មេងទំនើងប្រើប្រាស់អាវុធ ករណីបង្កហិង្សាដោយចេតនារហូតឈានដល់កំណត់អត្តសញ្ញាណក្រុមក្មេងទំនើងទាំងនោះ​ ដោយឃាត់ខ្លួនបានចំនួន ០៨នាក់ នាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដេីម្បីបន្តនីតិវិធី​ច្បាប់​។

ប្រភពដដែលបន្តថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ បានទទួលព័ត៌មានពីប្រជាពលរដ្ឋបានប្តឹងរាយការណ៍ដល់សមត្ថកិច្ចថា ៖ មានសកម្មភាពក្រុមក្មេងទំនើងចំនួន ០១ក្រុម ដែលបានធ្វើសកម្មភាពដេញប្រតាយប្រតប់គ្នា កាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៩ និង០០នាទី​ នៅចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីវេលាម៉ោងប្រហែល១៨ និង៤៥នាទី ក្រោយពេលធ្វើសកម្មភាពរួចក្រុមក្មេងទំនើងបានរត់គេចខ្លួនបាត់ ។

ក្រោយពីបានទទួលពត៌មានពីប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការស្រាវជ្រាវរហូតវេលាម៉ោង១៣ និង២០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ទើបកំណត់អត្តសញ្ញាណក្រុមក្មេងទំនើង បង្កហិង្សាដោយចេតនា ឃាត់ខ្លួនក្រុមក្មេងទំនើងបាន ០៨នាក់ នាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ។

ក្រោយពេលសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាព ៖ ពួកខ្លួនមុនពេលកើតហេតុមានក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគប់មកលើបក្ខពួករបស់ខ្លួន នៅចំណុចមុខវត្តដំណាក់ក្សាន្ត បន្ទាប់ពីមានសកម្មភាពរួចមក ពួកខ្លួនក៏បានជិះម៉ូតូទៅយកកាំបិតដាវសាំម៉ូរ៉ៃចំនួន ០១ ដើម ពីផ្ទះរបស់ឈ្មោះ រ៉េត រុងរឿង ហៅយឿង ភេទប្រុស អាយុ ប្រហែល ១៩ឆ្នាំនៅចំណុច ភូមិអូរចំណិប ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយជិះម៉ូតូទៅធ្វើសកម្មភាពនៅចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លុះទៅដល់កន្លែងកើតហេតុពួកខ្លួន បានឃើញថាមនុស្សចំនួន ០៣នាក់ ដែលសង្ស័យនោះ មិនមែនជាក្រុមជនសង្ស័យដែលធ្វើសកម្មភាពគប់មកលើបក្ខពួកខ្លួននោះទេ ទើបពួកខ្លួនជិះម៉ូតូត្រឡប់ទៅមូលដ្ឋានរៀងខ្លួនវិញ ។

វត្ថុតាងដកហូតបានរួមមាន ៖ កាំបិតដាវសាំម៉ូរៃ ចំនួន ០១ដើម, ដុំថ្មចំនួន ០២ដុំ,ម៉ូតូចំនួន ០៣គ្រឿង និងទូរសព្ទ័ដៃចំនួន ០៣គ្រឿង ។ 

បច្ចុប្បន្ន កម្លាំងក្រុមក្មេងទំនើងចំនួន​ ០៨នាក់នេះ នៅព្រឹកថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២៥នេះ​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ខេត្ត​ បង្ហាញមុខ​ជាសាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ចាត់ការតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖