ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន បង្កើតមុំសរសេរទាក់ទាញអ្នកទេសចរ ឱ្យទៅកម្សាន្តតំបន់ទេសចរណ៍នានាទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីជំរុញការបង្កើតជម្រើសឱ្យប្រជាពលរដ្ឋដើរកម្សាន្តពីតំបន់ទេសចរណ៍ក្នុងខេត្តមួយទៅខេត្តមួយ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបង្កើតមុំសរសេរទាក់ទាញអ្នកទេសចរឱ្យទៅកម្សាន្តតំបន់ទេសចរណ៍នានាទូទាំងប្រទេស ដើម្បីគាំទ្រដល់គោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍ និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងតំបន់ទេសចរណ៍។

ក្នុងពិធីផ្សព្វផ្សាយ«ការលើកកម្ពស់វិស័យទេសចរណ៍ និង ប្រឆាំងព័ត៌មានក្លែងក្លាយ» នាព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គលនៃក្រសួងព័ត៌មាន លោករដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានកោតសរសើរចំពោះអ្នក សារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមដែលបានផលិតមាតិកាផ្សព្វផ្សាយកន្លងមក និងបានផ្ដល់គំនិតក្នុងការផលិតខ្លឹមសារផ្សព្វផ្សាយបន្ថែមទៀត។

លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា«នៅក្នុងក្របខណ្ឌអ្នកផ្សព្វផ្សាយនិងឃោសនានេះ យើងត្រូវមើលវត្ថុអ្វី កុំឱ្យយកចិត្តយើងថា អាហ្នឹងឃើញអត់ផ្សព្វផ្សាយ អត់ទេ គឺទម្រង់ប្រធានបទដដែល កន្លែងដដែល ទីតាំងដដែល ប៉ុន្តែយើងមើលមុំផ្សេងៗគ្នាវាបង្កើតឱ្យមានជម្រើសច្រើន ទៅលើការផ្សព្វផ្សាយព័ត៌មានទាំងអស់នេះហើយអ្វីដែលសំខាន់ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នឹងចាប់ដៃគ្នាក្នុងការផ្សព្វផ្សាយរៀបចំជាកិច្ចប្រជុំ រៀបចំជាកម្មវិធីផ្សព្វផ្សាយ ដើម្បីជូនព័ត៌មានដល់អ្នកពាក់ព័ន្ធអំពីរបកគំហើញថ្មីៗនៃទីតាំងទេសចរណ៍ ជំរុញលើការផ្សព្វផ្សាយ ជំរុញលើសេវា និងការទាក់ទាញនូវអ្វីដែលភ្ញៀវចង់ដឹង»។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំង១៧លាននាក់ មុននឹងរៀបចំផែនការទៅទស្សនានៅក្រៅប្រទេស អាចដាក់ផែនការទស្សនាក្នុងប្រទេសឱ្យស្គាល់ប្រទេសខ្លួនឯងសិន យើងក៏សំបូរបែបទស្សនាកម្សាន្ត មានឆ្នេរសមុទ្រ មានតំបន់ខ្ពង់រាបមានអាកាសធាតុត្រជាក់ និងមានបន្លែងដាំនៅទីនោះផ្ទាល់ជំរុញគាំទ្រគោលនយោបាយនាំចេញនៅនឹងកន្លែងគឺមានន័យថា បងប្អូនជួយជីវភាពប្រជាពលរដ្ឋ ប្រជាកសិករដាំបន្លែបង្ការ ដាំដំណាំផ្សេងៗតាមរយៈ ការធ្វើទេសចរណ៍កន្លែងហ្នឹង បង្កើនផលិតភាព បង្កើនជីវភាព អាហ្នឹងជាចំណុចធ្វើឱ្យសេដ្ឋកិច្ចក្នុងប្រទេសរបស់យើងដើរច្រើន ហើយទាក់ទាញតាមរយៈគោលនយោបាយរបស់ក្រសួងទេសចរណ៍ ក៏ទាក់ទាញភ្ញៀវទេសចរក្រៅប្រទេសមកចាយវាយនៅក្នុងប្រទេសដែលមិនធ្វើឱ្យលិចធ្លាយនៅខាងក្រៅប្រទេស។

លោកនេត្រ ភក្ត្រា  បានបញ្ជាក់ថា«អ៊ីចឹងពេលយើងលើកទឹកចិត្តទេសចរក្នុងស្រុក គឺជាផ្នែកមួយជួយជំរុញបន្ថែមនូវការផលិតនូវផលិតផលនៅក្នុងស្រុក ហើយអាហ្នឹងហើយ គឺយើងទប់ការលិចធ្លាយចំណូលពីទេសចរទៅក្រៅប្រទេសតាមរយៈដែលយើងប្រើប្រាស់ដំណាំ និងលើកទឹកចិត្ត កាលណាដែលមានទីផ្សារប្រជាកសិករដាំ យើងនឹងផ្គត់ផ្គង់ប្រើប្រាស់បាន»៕

ដោយ៖ សូរិយា


ចែករំលែក៖