ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានធ្វើការឃាត់រក្សាទុកយានយន្តល្មើសជាតិស្រវឹងចំនួន ១០គ្រឿង នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនដោះស្រាយ និងបង់ផាកពិន័យតាមច្បាប់។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ នៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង០២ និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយនឹងកម្លាំងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចុះដាក់គោលដៅរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខសាលាអន្តរជាតិប្រាយឡាញ ផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ គ្រឹស្នា ស្នងការរង និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ នឹងមានការចុះបញ្ជាដឹកនាំដោយផ្ទាល់លោកវរសេនីយ៍ទោ អែល សំណាង នាយរងការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ និងលោកវរសេនីយ៍ទោ ឃឹម សារិទ្ធ អធិការរងខណ្ឌដង្កោ ដែលមានកម្លាំងចូលរួមសរុប ៤០នាក់ ក្នុងនោះកម្លាំងនគរបាលការិយាល័យ ២១នាក់ និងកម្លាំងនគរបាលខណ្ឌដង្កោ ១៩នាក់។
របាយការណ៍ដ៏ដែលក៏បានបញ្ជាក់បន្ថែមទៀតថា ៖ លទ្ធផលនៃការត្រួតពិនិត្យមានយានយន្តឆ្លងកាត់ចំនួន ៥២គ្រឿង ក្នុងនោះយានយន្តល្មើសជាតិស្រវឹងចំនួន ១៣គ្រឿង (រថយន្ត ០២គ្រឿង និងម៉ូតូ ១១គ្រឿង) កម្រិតចាប់ពី០.២៥ ដល់០.៣៩mg/L មានចំនួន ០៥គ្រឿង អ្នកបើកបរម៉ូតូ០៥នាក់ ។ កម្រិត០.៤០ mg/L ឡើងមានចំនួន ០៨គ្រឿង ក្នុងនោះអ្នកបើកបរម៉ូតូចំនួន០៦នាក់ អ្នកបើកបររថយន្តចំនួន០២នាក់ និងបទល្មើសផ្សេងៗគ្មាន។
របាយការណ៍នគរបាលខណ្ឌដង្កោក៏បានបញ្ជាក់បន្ថែមទៀតថា ៖ ចំនួនយានយន្តល្មើសជាតិស្រវឹងដែលនៅសេសសល់ និងមិនទាន់បង់ផាកពិន័យបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោមានចំនួន ១០គ្រឿង (រថយន្តចំនួន ០២គ្រឿង និងម៉ូតូចំនួន ០៨គ្រឿង) ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនដោះស្រាយ និងបង់ផាកពិន័យតាមច្បាប់៕
ដោយ៖ តារា