ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃអាទិត្យ បទឈប់បាញ់រវាងអ៉ីស្រាអែលនិងហាម៉ាស់នឹងចូលជាធរមាន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា នៅទីបំផុតទៅ ក្រុមហាម៉ាស់ និងអ៉ីស្រាអែលបានយល់ព្រមទទួលយកបទឈប់បាញ់មួយនៅក្នុងតំបន់ហ្កាហ្សា ដែលក្រុមអ្នកសម្របសម្រួលនិយាយថានឹងត្រូវចូលជាធរមាននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ហើយនឹងមានរួមបញ្ចូលទាំងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលជាប់ឃុំក្នុងតំបន់ហ្កាហ្សាអស់រយៈពេលជាង១៥ខែមកនេះចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុនមក។
កិច្ចព្រមព្រៀងជាដំណាក់កាលៗខាងលើបានកំណត់ពីបទឈប់បាញ់ដំណាក់កាលទី១រយៈពេល ៦សប្ដាហ៍ ដោយអ៉ីស្រាអែលត្រូវដកកងទ័ពចេញពីតំបន់ហ្កាហ្សាបន្តិចម្ដងៗ។ ចំណែក ចំណាប់ខ្មាំងវិញនឹងត្រូវបានដោះលែងជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែល។
នៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ទី១៥ ខែមករា ក្នុងទីក្រុងដូហា នាយករដ្ឋមន្ត្រីកាតារ ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani បានបញ្ជាក់ថា បទឈប់បាញ់នឹងចូលជាធរមាននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ដោយឡែក ថ្លែងចេញពីទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានលើកឡើងដែរថា «កិច្ចព្រមព្រៀងនេះនឹងបញ្ឈប់ការវាយប្រយុទ្ធគ្នាក្នុងតំបន់ហ្កាហ្សា នាំទៅរកការបង្កើនលំហូរជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន និងការជួបជុំរវាងចំណាប់ខ្មាំងនឹងក្រុមគ្រួសាររបស់ពួកគេ ក្រោយព្រាត់ប្រាស់គ្នាអស់រយៈពេលជាង១៥ខែមកនេះ»។ ប៉ុន្តែទោះជាឈានដល់កិច្ចព្រមព្រៀងក៏ពិតមែន ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបានអះអាងថា អ៉ីស្រាអែលនៅតែបន្តវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃពុធ លើទីក្រុងហ្កាហ្សានិងភាគខាងជើងនៃតំបន់ហ្កាហ្សាដោយសម្លាប់មនុស្សយ៉ាងហោចណាស់៣២នាក់។
ក្នុងដំណាក់កាលទី១ នៃបទឈប់បាញ់ ចំណាប់ខ្មាំងអ៉ីស្រាអែល ៣៣នាក់នឹងត្រូវបានដោះលែង ក្នុងនោះរួមមានស្ត្រី កុមារ និងបុរសដែលមានអាយុ៥០ឆ្នាំឡើង ខណៈជនជាតិអាមេរិក២នាក់ ឈ្មោះ Keith Siegel និង Sagui Dekel-Chen ក៏នឹងស្ថិតក្នុងចំណោមបញ្ជីឈ្មោះចំណាប់ខ្មាំងត្រូវដោះលែងផងដែរ។ បើតាមក្រុមមន្ត្រីអ៉ីស្រាអែល នៅមានចំណាប់ខ្មាំង ៩៨នាក់ទៀតកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស់៕ ដោយ៖ ធីរីណា

រូបថត​៖ Reuters


ចែករំលែក៖