ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ជនសង្ស័យ២នាក់នៅភូមិនិគមលើ ឃុំសន្លប់ ស្រុក-ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាមកម្មវិធីទូរសព្ទដៃ NoDrug

ចែករំលែក៖

 

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ក្រោយពីបានទទួលការរាយការណ៍ពីពលរដ្ឋតាមរយៈកម្មវិធីទូរសព្ទដៃ NoDrug  ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង ប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងលើ៧ថ្ងៃ បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ 

ដោយទទួលបានការរាយការណ៍ពីកម្មវិធីទូរសព្ទដៃ NoDrug  លោកឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចាត់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសន្លប់ ចុះទៅពិនិត្យដល់ទីតាំងចំនុចក្បែរវិទ្យាល័យហេងសំរិន ភូមិនិគមលើ ឃុំសន្លប់ ស្រុកត្បូងឃ្មុំចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដល់់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ធ្វើការស្រាវជ្រាវ និងបានធ្វើការសាកសួរប្រមូលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ អំពីសកម្មភាពចែកចាយ ជួញដូរគ្រឿងញៀនដូចក្នុងសេចក្តីរាយការណ៍។ 

ជាលទ្ធផលកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងអធិការដ្ឋាននគរបាល បានចុះបង្ក្រាបករណីខាងលើធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នឹងបាននាំមកអធិការដ្ឋាននគរបាល។ 

ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖

១- ឈ្មោះ ទីន សុខរ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិជ័យនិគម​ ឃុំកណ្ដុរជុំ​ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

២- ឈ្មោះ បុរី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិជ័យនិគម​ ឃុំកណ្ដុរជុំ​ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត និងកសាងសំណុំរឿងតាមនីតិវិធី ៕


ចែករំលែក៖