ព័ត៌មានទាន់ហេតុការណ៍៖

សារព័ត៌មានឥណ្ឌា Economic Times ចុះផ្សាយថា ថៃបំផ្លាញរូបសំណាកព្រះវិស្ណុ នៅក្នុងតំបន់អានសេះរបស់កម្ពុជា

ចែករំលែក៖

ទីក្រុងញូវដែលី ៖ សារព័ត៌មានឥណ្ឌា Economic Times កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ បានចុះផ្សាយថារូបសំណាកព្រះវិស្ណុដ៏ធំមួយត្រូវបានបំផ្លាញនៅក្នុងតំបន់អានសេះរបស់កម្ពុជាដោយអាជ្ញាធរថៃ បណ្ដាលឱ្យប្រជាជនក្នុង ប្រទេសឥណ្ឌាខឹងសម្បារ និងថ្កោលទោសយ៉ាងខ្លាំង។

ឥណ្ឌាបានទទួលស្គាល់ថាខ្លួនបានទទួលដំណឹងអំពីសេចក្ដីរាយការណ៍ស្ដីពីការបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុមួយដែលស្ថិតនៅក្នុងតំបន់មួយរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ក្រសួងការបរទេសឥណ្ឌា វិញ កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ក៏បានថ្កោលទោសដោយបានចាត់ទុកថាការបំផិ្លចបំផ្លាញរូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូនៅឯតំបន់ព្រំដែនកម្ពុជា-ថៃ ជាទង្វើដែលគ្មានការគោរពទាល់តែសោះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើងថាសាសនាហិណ្ឌូ និងព្រះពុទ្ធត្រូវបានគោរពសក្ការៈយ៉ាងជ្រាលជ្រៅដោយប្រជាជននៅទូទាំងតំបន់។ ដូច្នេះមិនថាវាជាការអះអាងពីទឹកដីនោះទេ ទង្វើគ្មានការគោរពបែបនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សាសនិកនៅជុំវិញពិភពលោក ហើយទង្វើបែបនេះមិនគួរកើតឡើងឡើយ។

ក្រសួងការបរទេសឥណ្ឌា ក៏បានអំពាវនាវផងដែរឱ្យកម្ពុជា និងថៃត្រឡប់ទៅរកកិច្ចសន្ទនា ការទូត ចាប់ផ្ដើមសន្តិភាពឡើងវិញ និងបញ្ចៀសការបាត់បង់អាយុជីវិត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងសម្បត្តិបេតិកភណ្ឌតទៅទៀត៕⁩

ប្រភព ៖ (FN)


ចែករំលែក៖