ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានចាប់កម្រើកសកម្មភាពជាដុំកំភួនវិញហើយក្រោយពីបានបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំបើគិតជាអាណត្តិតាមការចាត់តាំងនិងការបោះឆ្នោតមានចំនួន៦ អាណត្តិ ប៉ុន្តែ៥អាណត្តិកន្លងទៅសហព័ន្ធមួយនេះពុំទាន់ទទួលបានការអនុញ្ញាតជាផ្លូវការពីក្រសួងអប់រំយុវជននិងកីឡាឲ្យរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិម្តងណាឡើយ។ នៅក្នុងមហាសន្និបាតនោះលោកឧត្តមសេនីយ៍ ម៉ក់ សំអុល ត្រូវបានសមាជិកបោះឆ្នោតផ្តល់ការទុកចិត្តឲ្យទទួលតំណែងជាប្រធានសហព័ន្ធអាណត្តិទី៦និងអនុប្រធានចំនួន៣រូបទៀតមានលោក ជា ប៊ុនហេង លោក សៅ សេងហាក់ និងលោក ហុង ស៊ុនហេង។
លោកសេង ប៊ុនសុង សាស្ត្រាចារ្យក្បាច់ គុនមកពីសហរដ្ឋអាមេរិកនិងជានាយកសាលាគុនCentral Martial Arts បានបើក សិក្ខាសាលាចំនួន២នៅខេត្តបាតដំបងដើម្បីស្វែងយល់អំពីក្បាច់គុនកីឡាហាប់គីដូខ្មែរ សំដៅចងក្រងទ្រឹស្តីហ្វឹកហាត់តាមក្បួនខ្នាតឲ្យបានត្រឹមត្រូវព្រមទាំងបានធ្វើបទបង្ហាញជុំវិញក្បាច់គុនហាប់គីដូដល់សិស្សប្រមាណ ១០០នាក់នៅទីនោះ ។
លោកហុង ស៊ុនហេង គ្រូតេក្វាន់ដូខ្សែក្រវាត់ខ្មៅ៩ដាន់មកពីសហរដ្ឋអាមេរិកនិងជាអនុប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូបានលើកឡើងថា លោកពីដើមក៏ជាសិស្សរបស់លោកសេងប៊ុនសុងដែលហ្វឹកហាត់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៨១នោះដែរ។ លោកបន្តថា ការសិក្សាអំពីក្បាច់គុនគឺដូចគ្នាទៅនឹងការសិក្សាផ្នែករាងកាយ និងសុខភាពមនុស្សដែរ។ តាមការសិក្សា សាវជ្រាវបែបវិទ្យាសាស្ត្រ អ្នកចេះគុនច្បាស់គឺមានការអត់ធ្មត់មានការខន្តី និងចិត្តទូលាយមានការអធ្យាស្រ័យខ្ពស់មិនមែនជាអ្នកលេងកាប់ចាក់នោះទេ។ ពីព្រោះខ្លឹមសារ ក្បាច់គុន គឺជាក្បួនច្បាប់ប្រមូលផ្តុំមួយចេញពីកាយវិការសត្វឬមនុស្សដែលផ្គុំឡើងពីធាតុទាំង៤តួយ៉ាងដូចជាធាតុដី ធាតុទឹក ធាតុភ្លើង និងធាតុខ្យល់ ។ នៅក្នុងក្បាច់គុន ធាតុដីសំដៅលើជំហរតាំងខ្លួនឲ្យរឹងមាំធាតុទឹកសំដៅលើកាយវិការឬចលនារបស់រាងកាយដូចទឹកហូរឯធាតុខ្យល់ប្រៀបបានដូចល្បឿនដៃមានចលនាហើយភ្លើងសំដៅលើការប៉ះទង្កិចឬកម្លាំងវាយប៉ះផ្ទប់គ្នាដើម្បីចេញជាកម្តៅឬថាមពល ។
លោកគង់ចាន់ ធីណា អគ្គលេខាធិការសហព័ន្ធកីឡាខ្មែរហាប់គីគូដូបានអះអាងដែរថា សិក្ខាសាលាស្តីពីក្បាច់គុនដែលផ្តួចផ្តើមគំនិតដោយលោកសាស្ត្រាចារ្យសេង ប៊ុនសុង អតីតអ្នកហាត់គុន និងជាកីឡា ប្រដាល់សេរីដ៏ឆ្នើមនៅព្រំដែនកម្ពុជា-ថៃ ក្នុងទសវត្សរ៍១៩៨០ ត្រូវបានបើកនៅឯសាលាគុនមួយដែលមានឈ្មោះថា Central Martial Arts ដែលមានទីស្នាក់ការនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
គួររំលឹកថា សហព័ន្ធខ្មែរកីឡាហាប់គី ដូបច្ចុប្បន្នមានក្លិបចំនួន៤ និងសិស្សគុន ១៦៥នាក់ដែលទទួលស្គាល់ពីសហព័ន្ធ អន្តរជាតិ ក្នុងនោះមានខ្សែក្រវាត់ខ្មៅ១ ដាន់មាន៧១នាក់, ខ្សែក្រវាត់ខ្មៅ២ដាន់ ចំនួន២៧នាក់, ខ្សែក្រវាត់ខ្មៅ៣ដាន់១៩ នាក់, ខ្សែក្រវាត់ខ្មៅ៤ដាន់១៤នាក់, ខ្សែ ក្រវាត់ខ្មៅ៥ដាន់១២នាក់, ខ្សែក្រវាត់ខ្មៅ ៧ដាន់៣នាក់, ខ្សែក្រវាត់ខ្មៅ៩ដាន់១នាក់ និងខ្សែក្រវាត់ខ្មៅ១០ដាន់មាន១នាក់ ៕ សារីម