ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូទៅជីកក្ដាមនៅចំណុចដីវាលមួយកន្លែង ក៏ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ ក្នុងស្ថានភាពហើមស្អុយរលួយ និងមានដង្កូវចោះទៅហើយ ដែលមើលទៅគួរឲ្យសង្វេគបំផុត បន្ទាប់មកគាត់ក៏បានជិះម៉ូតូប្រាប់សន្តិសុខម្នាក់នៅជិតនោះឲ្យទៅមើលនិងជួយរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យកោសល្យវិច្ច័យ ។
ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ ផ្អើល កាលពីវេលាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចដីវាលមួយកន្លែង ស្ថិតនៅតាមមហាវិថីស៊ីន ជីនពីង ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សាកសពបុរសខាងលើពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មាន កម្ពស់១,៥០ម៉ែត្រ អត់ពាក់អាវ ស្លៀកខោជើង មានស្នាមចាក់សាក់នៅលើដើមដៃទាំងសងខាង និងកំភួនជើងទាំងសងខាង ។ មានពាក់ខ្សែអំបោះមានបន្ដោងនៅកដៃខាងស្ដាំ, ចំណែកនៅដៃកខាងឆ្វេងមានពាក់ខ្សែអំបោះក្រហម, ស្ថានភាពសាកសពឡើងហើមស្អុយរលួយ ពងបែក របកស្បែក បែកក្រឡាខ្ជឹង មាត់រីក ភ្នែកលាន និងដង្កូវចោះ ។ ដោយឡែកនៅក្បែរខ្លួនសាក សពមានអាវយឺតដៃខ្លី១ពណ៌ទឹកក្រូច១, វ៉ែនតាកញ្ចក់សថ្លា១, និងអាវភ្លៀងចាស់១ ,ស្បែកផ្ទាត់១គូប្រឡាក់ដី ,ទឹករំអិល៣កញ្ចប់ ,វ៉ែនតា១,បារី១កញ្ចប់,ដែកកេះហ្គាស់១,កូនសោរម៉ាកសូឡិច១ ។
តាមបុរសម្នាក់ឈ្មោះ ឃឹម ធន អាយុ៤៧ឆ្នាំ សន្តិសុខ បានរៀបរាប់ឱ្យដឹងថា នៅវេលាល្ងាចថ្ងៃកើតហេតុ មានបុរសអ្នកជីកក្ដាមម្នាក់ជិះម៉ូតូចេញពីដីវាលកន្លែងកើត ហេតុខាងលើមកប្រាប់គាត់ថា «ពេលខ្ញុំទៅរកក្ដាមខ្ញុំបានប្រទះឃើញមានសាកសពមនុស្សប្រុសម្នាក់ហើមស្អុយ» ។ បន្ទាប់ពីបុរសអ្នកជីកក្ដាមនោះប្រាប់បែបនេះ គាត់ក៏បានដើរទៅមើល ក៏ប្រទះឃើញមានសាកសពនៅទីនោះពិតមែន រួចគាត់ក៏រាយការណ៍ជូននគរបាលខណ្ឌកំបូលឲ្យចុះទៅពិនិត្យជាក់ស្ដែងភ្លាៗតែម្ដង ។
នគរបាលប្រាប់ថា ក្រោយពេលទទួលបានដំណឹងអំពីការប្រទះឃើញសាកសពបុរសនោះហើយ នគរបាលប៉ុស្តិ៍ប្រទះឡសង និងនគរបាលខណ្ឌកំបូល បានចុះទៅកាន់ទីនោះ ។ បន្ទាប់មកបានរាយ ការណ៍ទៅកាន់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យ វិច័យអមតុលាការរាជធានីភ្នំពេញ និងនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានបានថា បុរសនោះស្លាប់ដោយជំងឺគាំង បេះដូង ក្រោយពេលពិនិត្យរួចនគរបាលបាននាំយកសាកសពទៅដាក់នៅឈាបនដ្ឋានវត្តស្វាយមាសដែលស្ថិតនៅក្នុងសង្កាត់ប្រទះឡាងនោះដែរ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច