ព័ត៌មានទាន់ហេតុការណ៍៖

លោក ណុប ចំរើន អញ្ជើញ បើកការដ្ឋានសាងសង់អគារសិក្សាបេតុងថ្មី ១ខ្នង មាន ៣បន្ទប់ (ទទឹង ៩ម៉ែត្រ បណ្តោយ ២៤ម៉ែត្រ កម្រាលបេតុង) ស្ថិតនៅសាលាបឋមសិក្សាចេក ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង នាព្រឹកថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦

បានអញ្ជើញជាអធិបតី ក្នុងពិធិបើកការដ្ឋានសាងសង់អគារសិក្សាបេតុងថ្មី ១ខ្នង មាន ៣បន្ទប់ (ទទឹង ៩ម៉ែត្រ បណ្តោយ ២៤ម៉ែត្រ កម្រាលបេតុង) ស្ថិតនៅសាលាបឋមសិក្សាចេក សង្កាត់ចេក ដែលជាគម្រោងអនុវត្តក្រោមមូលនិធិសង្កាត់ចេក ឆ្នាំ២០២៦។

ក្នុងឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងក្រុង លោកនាយរងទីចាក់ការផែនការ និងវិនិយោគ និងជាមន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធប្រចាំក្រុងស្វាយរៀង ក្រុមប្រឹក្សាសង្កាត់ចេក ថ្នាក់ដឹកនាំភូមិ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស ក៏ដូចជានបង្ហាញពីការរួមចំណែករួមចិត្តរបស់សហគមន៍ ក្នុងការលើកកម្ពស់គុណភាពអប់រំក្នុងមូលដ្ឋានក្រុងស្វាយរៀង ។

លោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀងបានអោយដឹងថា ការបើកការដ្ឋានសាងសង់អគារសិក្សាបេតុងថ្មី ១ខ្នង មាន ៣បន្ទប់ (ទទឹង ៩ម៉ែត្រ បណ្តោយ ២៤ម៉ែត្រ កម្រាលបេតុង) ស្ថិតនៅសាលាបឋមសិក្សាចេក សង្កាត់ចេក ដែលជាគម្រោងអនុវត្តក្រោមមូលនិធិសង្កាត់ចេក ឆ្នាំ២០២៦នេះគឺជា សមិទ្ធផលជាអគារសិក្សាថ្មី   មិនត្រឹមតែបានចូលរួមចំណែកជួយបម្រើ និងបំពេញតម្រូវការចាំបាច់ផ្នែកហេដ្ឋារចនា សម្ព័ន្ធអប់រំ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ដល់ការសិក្សារបស់ក្មួយៗទាំងអស់នៅទីនេះ ដើម្បីធានាក្នុងការសិក្សាសមតាមបំណងប្រាថ្នា និងការទទូច ចង់បានរបស់ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងសាលាបឋមសិក្សាចេក ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លើយតបបានទាន់ពេលវេលា ស្របតាមគោលដៅអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យអប់រំ សំដៅដល់ការកសាងនូវធនជានមនុស្សប្រកបដោយសមត្ថភាពគ្រប់គ្រាន់ នៅក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។

លោកអភិបាល ក្រុង បានផ្ដាំផ្ញើដល់ក្រុមហ៊ុន អ្នកម៉ៅការ ដែល ដេញថ្លៃសាងសង់អគារសិក្សាបេតុងថ្មី ១ខ្នង មាន ៣បន្ទប់ នេះបាន គឺត្រូវអនុវត្តតាមបទដ្ឋានបចេ្ចកទេស អោយបានត្រឹមត្រូវ ប្រកបដោយភាពរលូន និងបានអោយក្មួយៗសិស្សានុសិស្ស ចូលសិក្សា ក្នុងអាគារថ្មី នៅសាលាបឋមសិក្សាចេក ផងដែរ។

សូមបញ្ជាក់ថា គម្រោងនេះកើតឡើងពីការមើលឃើញរបស់ក្រុមប្រឹក្សាសង្កាត់ចេក លើតម្រូវការជាក់ស្តែង ក្នុងការដោះស្រាយបញ្ហាខ្វះបន្ទប់សិក្សា និងអគារសិក្សាកំពុងប្រើប្រាស់មានសភាពចាស់។ ការគាំទ្រនេះមិនត្រឹមតែជាការកែលម្អបរិយាកាសសិក្សា ប៉ុន្តែជាការគាំទ្រវិស័យអប់រំ ដែលជាមូលដ្ឋានសម្រាប់បណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ៕


ចែករំលែក៖