ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​គង្វាលគោម្នាក់​រើស​គ្រា​ប់​៦០​ មីលីម៉ែត្រ យក​ទៅ​ដុត​លេង​ផ្ទុះ​បណ្ដាលឲ្យរបួស​សុះសាច់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ត្រូវ​អំបែង​គ្រាប់​ធុន​៦០​ម​.​ម ដែល​ខ្លួន​រើស​បាន​យក​ទៅ​ដុត​លេង កាលពី​រសៀល​ថ្ងៃ​ទី​២៦ ឧសភា ២០២៦ នៅ​ចំណុច​វាលស្រែ​បឹង​ទុំ​យាន ក្នុងភូមិ​ទួល​ស្នួល ឃុំ​ឫស្សី​ក្រាំង ស្រុក​មោង​ប្ញ​ស្សី ។

តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឈាន ផៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​ស្នួល ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ។ ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​អំបែង​គ្រាប់ បាក់ជើង បាក់ដៃ និង​រង​របួស​លើ​ផ្ទៃមុខ ។ ក្រោយមក សាច់ញាតិ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដែល​នៅ​ជិត​ព្រំប្រទល់ ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​រើស​បាន​គ្រាប់​ធុន​៦០​ម​.​ម នៅ​ពេល​ខ្លួន​ទៅ​ឃ្វាលគោ ។ ប៉ុន្តែ​ពេល​ប្រទះ​ឃើញ​គ្រាប់​ដ៏​គ្រោះថ្នាក់​បែប​នេះ គេ​មិន​បាន​ផ្ដល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច ឬ​ចាស់ទុំ​ក្នុងភូមិ​ឲ្យ​បានដឹង​ទេ គេ​បែរជា​រើស​យក​ទៅ​ដុត​លេង​ជា​ល្បែង​កម្សាន្ត ទើប​ធ្វើ​ឲ្យ​ផ្ទុះ​ត្រូវ​របួស​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ​តែ​ម្ដង ។ កាលពី​ស​ប្ដា​ហ៍​មុន កសិករ​ម្នាក់​រស់នៅ​ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល បាន​ស្លាប់​យ៉ាង​រន្ធត់​ដោយសារ​តែ​រើស​បាន​គ្រាប់ B យក​ទៅ​បោះចោល​នៅ​ក្នុង​អូរ ហើយ​គ្រាប់​នោះ​ក៏​បាន​ផ្ទុះ​លាន់​កក្រើក ខ្ទាត​អំបែង​ត្រូវ​ចំ​ខ្លួន​ស្ទើរ​សុះសាច់​ដែរ ។ បុរស​នោះ​មិន​បាន​របាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ជួយ​ដោះស្រាយ​ទេ បែរជា​រើស​យក​ទៅ​បោះ​ចូល​អូរ​បណ្ដាល​ឲ្យ​ផ្ទុះ ខណៈ​ដែល​គាត់​ឈរ​ក្បែរ​នោះ​ក៏​ត្រូវ​របួសធ្ងន់​រហូត​បាត់​បង់ជីវិត ។

នេះ​បាន​បង្ហាញ​ពី​ការ​ខ្វះ​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​ជា​កាក​សំណល់​សង្គ្រាម ។ ដូច្នេះ គេ​គួរតែ​រាយការណ៍​ទៅ​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន ដែល​នៅ​ជិត​បំផុត នៅ​ពេល​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​នៅ​ក្នុង​ព្រៃ​នៅ​តាម​ភ្លឺស្រែ ឬ នៅ​តាម​ទី​ទូល​នានា មិន​គួរ​ប៉ះពាល់ ឬ​រើស​យក​ទៅ​ដុត​លែង ឬ​រើស​យក​ទៅ​បោះចោល​ទៅ​កន្លែង​ផ្សេង​ទេ ពីព្រោះ​វា​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត ។ ដូច​ជា​ករណី​ជន​រង​គ្រោះ​ខាងលើ​នេះ ជា​ឧទាហរណ៍​ស្រាប់ ។

ទោះ​យ៉ាងណា ព័ត៌មាន​ចុង​ក្រោយ​ពី​ស្ថានភាព​គ្រោះ ថ្នាក់​របស់​យុវជន​គង្វាលគោ​ខាងលើ​នេះ ប្រែ​ប្រូ​ល​យ៉ាង ណា​នៅឡើយ​ទេ រហូត​ដល់​ពេល​នេះ ព្រោះ​ពេល​កើតហេតុ​ភ្លាម​ៗ គេ​ឃើញ​ស្ថានភាព​ជន​រង​គ្រោះ​ហាក់​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ៕

ដោយ៖ សូរិយា


ចែករំលែក៖