ព័ត៌មានទាន់ហេតុការណ៍៖

នៅខេត្តស្ទឹងត្រែងរយៈពេល​​២​ថ្ងៃ​ជាប់​គ្នាមានរន្ទះ​បា​ញ់​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់និង​ម្នាក់​ទៀត​រងរបួសធ្ងន់

ចែករំលែក៖

   ខេត្តស្ទឹងត្រែង ៖ ករណី​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​បាន​កើតឡើង​ពីរ​ថ្ងៃ​បន្តបន្ទាប់​គ្នានៅ​ក្នុង​ខេត្តស្ទឹងត្រែង ដោយ​បាន​ឆក់​យក​ជីវិត​ប្រជាពលរដ្ឋ​ម្នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០២៦នេះ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​១៦​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​កន្ទុយ​កោះ​ហិប ស្ថិត​ក្នុងឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្ត​ស្ទឹងត្រែង​។

   ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត មានឈ្មោះ ហាត សិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ។ យោង​តាម​ការ​បញ្ជាក់​ពី​លោក វ៉ា​ន់ សំ​

ផ​ន មេឃុំ​កោះ​ស្នែងឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើកទូក​ជូន​មិត្តភក្តិពីរ​នាក់​ប្តី​ប្រពន្ធដើម្បី​ទៅ​រក​ទិញ​ក្របី​នៅ​ភូមិ​កោះ​ហិប ។ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​កន្ទុយ​កោះ​ហិប មេឃ​ក៏​ចាប់ផ្តើម​មាន​ភ្លៀង​ធ្លាក់និង​ខ្យល់​បោកបក់​ខ្លាំង ។ ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​បាន​លើក​ទូរស័ព្ទ​និយាយ​ទាក់ទង​ទៅ​ម្ចាស់​ក្របីដើម្បី​ចរចារឿង​ទិញ​លក់ក៏​ត្រូវ​រន្ទះបាញ់​ចំ​តែ​ម្តង ។ 

   ស្ត្រី​ជា​ប្រពន្ធ​របស់​មិត្តភក្តិ​ដែល​រួម​ដំណើរ​នៅ​លើ​ទូក​បាន​រៀបរាប់​ថា នៅ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​បើកទូក​បណ្តើរនិង​និយាយ​ទូរស័ព្ទបណ្តើរ​នោះ ស្រាប់តែ​មាន​រន្ទះបាញ់​ចំ​ខ្លួន​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ឆេះ​ខ្លួន​មួយ​ចំហៀង និង​ធ្លាក់​ក្បាល​ចូល​ទៅ​ក្នុង​ទឹក​ស្លាប់​ភ្លាម​ៗ ។ ក្នុង​គ្រានោះ កម្លាំង​រន្ទះបាញ់​ក៏​បាន​ធ្វើ​ឱ្យ​ប្តី​របស់​គាត់​សន្លប់​បាត់ស្មារតី​ផង​ដែរ ប៉ុន្តែ​បន្ទាប់​ពី​គាត់​បាន​ខំប្រឹង​ធ្វើ​ចលនា​គក់​រឹតទើប​បុរស​ជា​ប្តី​បានដឹង​ខ្លួន​ឡើង​វិញ ។

   ក្រោយ​កើតហេតុ​ភ្លាម​ៗ និង​មានការ​ផ្តល់​ដំណឹង​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ទី​តាំងដើម្បី​ស្រង់​សព​ជន​រង​គ្រោះ​មក​ធ្វើ​កោសល្យ​វិ​ច័យ និង​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ករណី​រន្ទះបាញ់ ខណៈ​ពេល​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​ចំ​ពេល​មាន​ភ្លៀង​ផ្គរ​ពិតប្រាកដ​មែន ។

   គួរ​រំលឹក​ផង​ដែរ​ថា នេះ​ជា​ករណី​គ្រោះថ្នាក់​ដោយសារ​រន្ទះបាញ់​លើក​ទី​២ ហើយ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ ។ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា គ្រោះ​ធម្មជាតិ​មួយ​នេះ​បាន​បាញ់​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ស្រុក​សៀម​ប៉ា​ង បណ្តាល​ឱ្យ​រង​របួសធ្ងន់ និង​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា នេះ បាន​បន្ត​លើ​ជន​រង​គ្រោះ​នៅ​ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​។

   ទោះបីជា​យ៉ាងណា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គួរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​បាតុភូត​ធម្មជាតិ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ក្នុង​អំឡុង​ខែវស្សា​នេះ ដោយ​ជៀសវាង​ការ​ប្រើប្រាស់​ទូរស័ព្ទឬ​ឧបករណ៍​ចម្លង​ចរន្តអគ្គិសនី​នានា​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ៕

ដោយ៖ សូរិយា


ចែករំលែក៖