បាងកក៖ នាវេលាម៉ោង៣រសៀលថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះ ប្រភពពីក្រុងបាងកកបានឲ្យដឹងថា រដ្ឋាភិបាលយោធាថៃបានបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិ របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាអតីតនាយករដ្ឋមន្ត្រីថៃ ដែលឈ្នះឆ្នោតនៅឆ្នាំ២០១១។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាបានឲ្យដឹងថា រដ្ឋាភិបាលយោធាថៃ សព្វថ្ងៃដែលបានធ្វើរដ្ឋប្រហារ ទម្លាក់លោកស្រីចេញពីតំណែងនោះ បានបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិ របស់លោកស្រីទាំងអស់ និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៣៥ពាន់លានបាត ដែលស្មើនឹង ៩៩៧លានដុល្លារអាមេរិកថែមទៀតផង ដោយសារតែគំរោងលុយពាក់ព័ន្ធ នឹងកម្មវិធីទិញស្រូវពីប្រជាកសិករ ថៃ ដែលបានធ្វើឲ្យខាតបង់ថវិកាជាតិ អស់រាប់ពាន់លានដុល្លារ។ គំរោងទិញយកស្រូវររបស់ប្រជាកសិករថៃក្នុងតម្លៃខ្ពស់ជាងទីផ្សារនោះ គឺជាគោលនយោបាយសំខាន់ជាងគេ ដែលបានជួយលោកស្រីឲ្យឈ្នះឆ្នោត ក្លាយជានាយករដ្ឋមន្ត្រីថៃនៅក្នុងឆ្នាំ២០១១ ហើយចាប់តាំងពីលោកស្រី ត្រូវបានទម្លាក់ចេញពីតំណែងកាលពីឆ្នាំ២០១៤ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវបានគេដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ដោយសារតែផែនការឧបត្ថម្ភមូលធនទិញស្រូវនេះ ហើយសព្វថ្ងៃលោកស្រី កំពុងតែតទល់នឹងរឿងក្តីនៅឡើយក្នុងតុលាការ។
នៅថ្ងៃសុក្រនេះ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅតុលាការ ទីក្រុងបាងកកថា លោកស្រីទទួលបានដីកាកោះហៅ នៅពីរថ្ងៃមុន ដែលបានបញ្ជាឲ្យរឹបអូសយកទ្រព្យសម្បត្តិ។ លោកស្រី យីងឡាក់ បានបន្តថា «បើនិយាយពីរឿងបង្គាប់បញ្ជា វាមិនត្រឹមត្រូវនិងមិនសមហេតុ សមផលនោះឡើយ ហើយខ្ញុំនឹងនៅតែប្រើប្រាស់គ្រប់វិធីតាមតែអាចធ្វើបាន ដើម្បីប្រយុទ្ធតបត»។ ប៉ុន្តែមេធាវីលោកស្រីបានបង្ហើបឲ្យដឹងថា បើយោងតាម រដ្ឋធម្មនុញ្ញថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែលជានាយករដ្ឋមន្ត្រីមានសិទ្ធិអំណាចផ្តាច់មុខ ក្នុងការចេញបញ្ជានានា ដែលចាំបាច់ក្នុងពង្រឹងសាមគ្គីភាព និងភាពសុខដុមនៅក្នុងប្រទេស។
អ្នកគាំទ្រលោកស្រី យីងឡាក់ និងអ្នកវិភាគនិយោបាយថៃមួយចំនួន បាននិយាយថា រឿងក្តីក្តាំងប្រឆាំងនឹងរូបលោកស្រីនេះ គឺជាគំរោងការណ៍របស់ យោធាថៃ ដើម្បីបោសសម្អាតឥទ្ធិពល របស់ក្រុមគ្រួសារ «ស៊ីណាវ៉ាត់» ចេញប្រទេសថៃ ទោះបីរដ្ឋាភិបាលយោធាសព្វថ្ងៃ បានធ្វើការបដិសេធដោយបានអះអាងថា ការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ គឺត្រូវបានធ្វើឡើងដើម្បីតែស្ថិរភាព នៅក្នុងប្រទេសប៉ុណ្ណោះ មិនមែនដើម្បីចង់ដាក់កម្រិតទៅលើឥទ្ធិពល របស់ក្រុមគ្រួសារស៊ីណាវ៉ាត់នោះឡើយ៕ ប្រាថ្នា