ព័ត៌មានទាន់ហេតុការណ៍៖

សាលាសុវណ្ណភូមិរងការរិះគន់ថាអនាធិបតេយ្យសិស្សវាយគ្នាស្ទើររាល់ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ អាណាព្យាបាលសិស្សរៀន នៅសាលាឯកជនសុវណ្ណភូមិម្នាក់បានប្រតិកម្មចំពោះគណៈគ្រប់គ្រងសាលាក៏ដូចជាលោកគ្រូអ្នកគ្រូដែលមិនបានយកចិត្តទុកដាក់ចំពោះសិស្សតូចៗដែលរៀននៅក្នុងសាលានេះបង្កឲ្យសិស្សវាយតប់គ្នាបណ្តាល ឲ្យរងរបួស និងធ្វើឲ្យសាលាមួយនេះមានភាពអនាធិបតេយ្យខ្លាំងណាស់។

យោងតាមប្រភពព័ត៌មានពីហ្វេសប៊ុកបានឲ្យដឹងថា សិស្សម្នាក់ឈ្មោះ នី បញ្ញា សិទ្ធិ អាយុ៦ឆ្នាំ រៀននៅសាលាឯកជន សុវណ្ណភូមិបានរងរបួសក្រោមភ្នែកដោយសារតែមានជម្លោះរវាងសិស្សសាលាដូចគ្នាហើយត្រូវបានគេព្រួតវាយយ៉ាងចាស់ ដៃដោយគ្មានលោកគ្រូអ្នកគ្រូ ឬគណៈ គ្រប់គ្រងសាលាសុវណ្ណភូមិចេញទៅជួយអន្តរាគមន៍នោះទេ។ ពោលគឺទុកបណ្តែត បណ្តោយឲ្យក្មេងៗវាយតប់គ្នាដោយសេរី។

នៅក្នុងរូបភាពហ្វេសប៊ុកដែលបង្ហោះ ដោយឈ្មោះVUTHNY LALY ទោះបីមិនបានបញ្ជាក់ថារៀននៅសាលាសុវណ្ណភូមិសាខាណានោះក៏ដោយក៏គេឃើញកុមារា នី បញ្ញាសិទ្ធិ បានរងរបួសរយះក្រោមភ្នែក ស្តាំប្រវែង៥០សង់ទីម៉ែត្រហើយនៅពេលមកដល់ផ្ទះត្រូវម្តាយរបស់គេលាងរបួស ទាំងឈឺចុកចាប់បំផុត។ អាណាព្យាបាល របស់សិស្ស នី បញ្ញាសិទ្ធិ បានប្រតិកម្ម ចំពោះហិង្សានេះដោយចាត់ទុកសាលា សុវណ្ណភូមិជាសាលាមិនគួរឲ្យសិស្សទៅរៀនព្រោះគ្មានសន្តិសុខសណ្តាប់ធ្នាប់ គ្មាន ក្រមសីលធម៌ និងមានភាពអនាធិបតេយ្យដោយសារតែលោកគ្រូអ្នកគ្រូ និងអ្នកគ្រប់គ្រងសាលាមិនទទួលខុសត្រូវរាល់សកម្មភាពក្នុងថ្នាក់រៀនបណ្តែតបណ្តោយឲ្យ សិស្សវាយតប់គ្នាដោយសេរី ។

ទាក់ទិននឹងអំពើហិង្សាក្នុងថ្នាក់រៀនសាលាសុវណ្ណភូមិនេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ VUTHNY LALY បានសរសេរ រៀបរាប់ឲ្យដឹងថា «នៅក្នុងសាលាសុវណ្ណ ភូមិមានភាពអនាធិបតេយ្យ គ្មានអ្នកមើល សិស្សមានរបួសស្នាមសឹងរាល់ថ្ងៃ គ្រាន់តែលើកនេះវាហាក់ដូចជាធ្ងន់ធ្ងរដល់ថ្នាក់មិនអាចទទួលយកបាន។ គិតថារៀនសាលាឯកជនវាល្អជាងសាលារដ្ឋបង់លុយពេញថ្លៃ ហើយឲ្យលុយគ្រូផ្សេងទៀតដើម្បីឲ្យ ជួយមើលការខុសត្រូវតែនៅតែគ្មានលទ្ធ ផលល្អពីមួយថ្ងៃទៅមួយថ្ងៃសង្ឃឹមថា អាចកែប្រែឲ្យល្អចុងក្រោយអស់ទំនុកចិត្តមែនទែន» ។

ក្នុងគណនីហ្វេសប៊ុកនេះក៏បានបញ្ជាក់ឲ្យដឹងទៀត ថា ត្រូវតែប្តូរសាលានេះចេញ។ មិនមែនលើកទីមួយនោះទេបើនៅតែបន្ត នឹងមានវិប្បដិសារីនៅថ្ងៃណាមួយ។ ឆ្ងល់ ត្រង់ថា គេខលគ្រប់លេខគ្មានអ្នកទទួលសោះទាល់តែមានកំហឹងផ្ទុះបាននិយាយថា សុំទោសក្រោយ។ គេប្រាប់ថា សិស្សនេះ រត់បុកគ្នាបែកក្រោម ភ្នែកតែមិនថាបែកធំទេ ឲ្យមកផ្ទះទាំងរបួសមិនមានលាបថ្នាំឲ្យ។ មិនមានការជួយជាបឋមសោះគឺមកទាំង របួសនេះជាការសោកស្តាយរបស់អាណា ព្យាបាលគ្រប់គ្នាពេលទូរស័ព្ទទៅមិនលើកទៀត ។

ការមានប្រតិកម្មរបស់អាណាព្យាបាលសិស្សរៀននៅសាលាសុវណ្ណភូមិខាងលើនេះនគរវត្តមិនអាចសុំការបំភ្លឺពីគណៈគ្រប់គ្រង ឬលោកគ្រូអ្នកគ្រូបានទេកាលពីម្សិលមិញដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង និងមិនដឹងថាកន្លែងកើតហេតុនៅសាខាសាលាសុវណ្ណភូមិមួយណានោះទេ ៕ រ័ត្ន សុភក្តិ

b2


ចែករំលែក៖