ខេត្តកំពង់ស្ពឺ៖ កូនប្រុសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីត្រូវបានចោទថា បានយករនាស់វាយម្តាយបង្កើត បណ្តាលឱ្យរងរបួសបែកក្បាល និងរងរបួសលើរាងកាយ ក្នុងករណីហិង្សាក្នុងគ្រួសារ នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺកាកពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
តាមសមត្ថកិច្ច បានឱ្យដឹងថា ជនដែលត្រូវបានឃាត់ខ្លួនឈ្មោះ ឡុំ វុទ្ធិ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ។ ជននេះត្រូវបានសមត្ថកិច្ចរាយការណ៍ថា បានយករនាស់ទៅវាយម្តាយបង្កើតឈ្មោះ ឡេង ម៉ាក់ ភេទស្រី អាយុ៧០ឆ្នាំ បណ្តាលឱ្យស្ត្រីជាម្តាយរងរបួសបែកក្បាលផ្នែកខាងមុខ និងត្រូវបានវាយចំនួន៤ដៃបន្ថែមទៀត បណ្តាលឱ្យរងរបួសធ្ងន់។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះអន្តរាគមន៍ទៅកាន់កន្លែងកើតហេតុ ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនៅនឹងកន្លែង ដើម្បីយកមកអនុវត្តតាមនីតិវិធី។ បច្ចុប្បន្ន ជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ កំពុងកសាងសំណុំរឿង និងបន្តអនុវត្តនីតិវិធីច្បាប់ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារនេះ៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច