ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀង បានអញ្ជើញបុរសម្នាក់មកធ្វើកិច្ចសន្យា និងណែនាំបន្ទាប់ពីយកសំរាមមកចោលនៅទីសាធារណៈ។
អាជ្ញាធរក្រុងបានបញ្ជាក់ថា នៅថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ មានបុរសម្នាក់បានយកសំរាមមកចោលនៅទីសាធារណៈ ស្ថិតនៅភូមិធ្លក សង្កាត់សង្ឃ័រ។
តាមរយៈការស្រាវជ្រាវ និងពិនិត្យកាមេរ៉ាសុវត្ថិភាព រដ្ឋបាលក្រុងស្វាយរៀង បានកំណត់អត្តសញ្ញាណបុគ្គលដែលបានដឹកសំរាមមកចោលនៅទីតាំងខាងលើ ដោយបុគ្គលនោះត្រូវបានអញ្ជើញមកធ្វើកិច្ចសន្យា និងណែនាំឱ្យប្រមូលសំរាមយកទៅចោលនៅទីលានចាក់សំរាមវិញ។
រដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង ដោយមិនត្រូវយកសំរាមទៅចោលនៅតាមទីសាធារណៈ ផ្លូវ សួនច្បារ ប្រឡាយ ឬទីតាំងដែលមិនបានកំណត់ឡើយ។
ត្រូវវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការប្រមូល និងដឹកជញ្ជូន។ រដ្ឋបាលក្រុងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមរក្សាបរិស្ថាន និងសោភ័ណភាពក្រុងឱ្យស្អាត និងមានរបៀបរៀបរយ។
ចូលរួមជាមួយរដ្ឋបាលក្រុង ក្នុងការទប់ស្កាត់ និងលុបបំបាត់ការចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់ «ទីក្រុងស្អាត ចាប់ផ្តើមពីការចូលរួមរបស់យើងទាំងអស់គ្នា» និងសូមអរគុណចំពោះការចូលរួម និងកិច្ចសហការរបស់ប្រជាពលរដ្ឋគ្រប់រូប៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច