ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចម៉ែន សំអន អញ្ជើញប្រគល់ផ្ទះថ្មមួយខ្នងជូនដល់វីរកងទ័ពឈ្មោះ សំ សារ៉ុង និងគ្រួសារ នៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ផ្ទះបេតុងប្រក់ស័ង្កសី ០១ខ្នង (ទទឹង ៨ម៉ែត្រ បណ្ដោយ ១២ម៉ែត្រ) រួមទាំងសម្ភារ និងថវិកាមួយចំនួន ជូនដល់វីរកងទ័ពឈ្មោះ សំ សារ៉ុង និងប្រពន្ធឈ្មោះ ឃ្វៃ នាង រស់នៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ម៉ែន សំអន ផ្ទាល់។

ក្នុងឱកាសនោះ ក៏មានគណៈប្រតិភូអមដំណើររួមមាន៖ លោក លោកស្រី និងសហការី, លោកប្រធានក្រុមប្រឹក្សាស្រុក, លោកអភិបាល នៃគណៈអភិបាលស្រុករមាសហែក និងសហការី, កងកម្លាំងទាំងបីក្នុងខេត្ត ស្រុក, ក្រុមប្រឹក្សាឃុំត្រពាំងស្តៅ, ស្មៀនឃុំ, លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងស្តៅ, លោកមេភូមិ, អនុភូមិ, និងសមាជិកភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយក្តីនឹករលឹក និងតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខកងទ័ព កងនគរបាល ក៏ដូចជាអតីតយុទ្ធជនកម្ពុជាគ្រប់រូបផងដែរ។

សម្តេច ម៉ែន សំអន បានគូសបញ្ជាក់ថា សម្តេចទាំងទ្វេបានផ្តួចផ្តើម និងឧបត្ថម្ភការសាងសង់ផ្ទះរាប់ពាន់ខ្នងជូនដល់គ្រួសារកងទ័ព និងអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត និងគ្មានទីជម្រកពិតប្រាកដ ព្រមទាំងបង្កើតឱ្យមានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យយោធា ក៏ដូចជាការផ្តល់របបគាំពារសុខភាពផ្សេងៗទៀតផង។

ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត បានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំ ដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ការយកចិត្តទុកដាក់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់កងទ័ពដែលកំពុងបំពេញបេសកកម្មនៅជួរមុខ ឱ្យមានកម្លាំងចិត្ត និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយទទួលបានការមើលថែដិតដល់។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាលោក សំ សារ៉ុង និងភរិយា ព្រមទាំងក្រុមគ្រួសារកូនៗ ត្រូវថែរក្សាសុខភាពឱ្យបានល្អ រស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត ជាពិសេសត្រូវសម្រាកនៅក្នុងមុង ចៀសវាងមានជំងឺផ្សេងៗមកបៀតបៀន។ មួយវិញទៀត ខណៈដែលមានភ្លៀងផ្គរខ្យល់ ត្រូវរកកន្លែងដែលមានសុវត្ថិភាព បញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ប្រគល់ជូនដល់លោកព្រិន្ទបាលទោ សំ សារ៉ុង មាន៖ អង្ករ ០៤បាវ, មី ០៥កេះ, ទឹកស៊ីអ៊ីវ ០៥យួរ, ទឹកត្រី ០៥យួរ, ទឹកសុទ្ធ ០៥កេះ, ត្រីខ ០១កេះ និងថវិកាមួយចំនួន។

គួររំលឹកថា លោកព្រិន្ទបាលទោ សំ សារ៉ុង វីរកងទ័ពដ៏ក្លាហានដែលបានឈរជើងការពារបូរណភាពទឹកដីនៅប្រាសាទតាមាន់ធំ អត្តលេខ ២៣៧៣៤៦ នៃកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរបន្ទាប់ពីបានទទួលការវះកាត់សាច់កាចនៅត្រង់ត្រគាកចំនួនពីរលើក។

ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានសម្រេចបញ្ជូនលោកមកកាន់គេហដ្ឋាននៅស្រុកកំណើត ក្នុងភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

ដោយមើលឃើញនូវការលំបាករបស់វីរកងទ័ព សំ សារ៉ុង និងគ្រួសារ អាជ្ញាធរក៏ដូចជាថ្នាក់ដឹកនាំខេត្ត និងមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសម្ដេច ម៉ែន សំអន ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានជួយកសាងផ្ទះថ្ម ០១ខ្នង ដើម្បីសម្រួលដល់ការស្នាក់នៅឱ្យបានសមរម្យផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖