ព័ត៌មានទាន់ហេតុការណ៍៖

ជាងផ្សារដែកបណ្តាលឱ្យឆេះផ្ទះ ១ខ្នងយ៉ាងសន្ធោសន្ធៅនៅភូមិកោះនរា ខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣:២០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចផ្លូវលំ ក្រុម២ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជា លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៥គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង (ប្រើប្រាស់ទឹកអស់ចំនួន ០១គ្រឿង), រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន ០១គ្រឿង (ពុំបានប្រើប្រាស់ទឹក) និងរថយន្តអគ្គិភ័យកោះនរា ចំនួន ០១គ្រឿង (ពុំបានប្រើប្រាស់ទឹក)។

ដោយឡែក ចំពោះប្រភេទសំណង់ដែក ទំហំ (៥តឹក x ១,៥ម៉ែត្រ) ឆេះខូចខាតម៉ូទ័រកាត់ផ្សារដុំដែកចំនួនមួយ។ ចំពោះករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ០៤:១៥នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញ គឺបណ្តាលមកពីជាងផ្សារកាត់ដុំដែកបង្កជាអគ្គិភ័យ។ ដោយឡែក ចំពោះករណីខាងលើនេះ បានបណ្តាលឱ្យមានមនុស្សម្នាក់រងរបួសផងដែរ៕


ចែករំលែក៖