ភ្នំពេញ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង ៣៩១៨) រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធណាហ្គាវើលដ៍ដែលជាមណ្ឌលកម្សាន្តឈានមុខគេមួយក្នុងតំបន់ទន្លេមេគង្គ មានមោទនភាពសូមប្រកាសអំពីការទទួលស្គាល់ជាថ្មីម្តងទៀតជាកន្លែងធ្វើការដ៏អស្ចារ្យពីរឆ្នាំជាប់ៗគ្នាដែលទទួលស្គាល់ដោយ Great Place To Work® Certification™ ជាស្ថាប័នជំនាញសកលផ្នែកវាយតម្លៃវប្បធម៌ការងារ និងបទពិសោធន៍បុគ្គលិក។ ក្រុមហ៊ុនណាហ្គាវើលដ៍ ទទួលបានពិន្ទុសន្ទស្សន៍ទំនុកចិត្ត Trust Index™ ដ៏ខ្ពស់រហូតដល់ ៩៧% ដែលមានការកើនឡើងពី ៩៥% កាលពីឆ្នាំមុន និងខ្ពស់ជាងស្តង់ដារឧស្សាហកម្មដែលមានត្រឹមតែ ៦៥%។ លទ្ធផលកាន់តែប្រសើរនេះ ឆ្លុះបញ្ចាំងពីបរិយាកាសការងារដែលត្រូវបានកសាងឡើងនៅលើទំនុកចិត្ត ការគោរព និងការចូលរួមយ៉ាងពិតប្រាកដពីសំណាក់បុគ្គលិកដែលជាគុណតម្លៃដ៏មានសារសំខាន់ក្នុងវិស័យបដិសណ្ឋារកិច្ច ជាទីដែលបទពិសោធន៍របស់បុគ្គលិកត្រូវបានឆ្លុះបញ្ចាំងតាមរយៈបទពិសោធន៍របស់ភ្ញៀវ និងលទ្ធផលអាជីវកម្ម។ ការទទួលស្គាល់នេះ ទទួលបានតាមរយៈសំឡេងរបស់បុគ្គលិកទាំងអស់ ហើយត្រូវបានតម្រង់ទិសដោយគុណតម្លៃ (CARES) របស់ក្រុមហ៊ុន រួមមាន៖ កិច្ចសហប្រតិបត្តិការ (Collaboration) គណនេយ្យភាព (Accountability) ការគោរព (Respect) ឧត្តមភាព (Excellence) និងនិរន្តរភាព (Sustainability) ដែលបន្តជាគ្រឹះទ្រទ្រង់វប្បធម៌កន្លែងធ្វើការប្រកបដោយការផ្តល់តម្លៃលើភាពចម្រុះនៃបុគ្គលិក និងទស្សនវិស័យព្រមទាំងលើកកម្ពស់ឱកាសស្មើភាពគ្នាជាគោលការណ៍គ្រឹះ។
ក្រុមហ៊ុននៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការវិនិយោគលើបុគ្គលិកតាមរយៈឱកាសរៀនសូត្រ ការអភិវឌ្ឍអាជីព និងភាពជាអ្នកដឹកនាំ។ មតិត្រឡប់របស់បុគ្គលិក មិនត្រឹមតែត្រូវបានវាស់វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានយកទៅអនុវត្តជាក់ស្តែងដែលជួយពង្រឹងជំហររបស់ក្រុមហ៊ុនក្នុងនាមជាជម្រើសនិយោជកឆ្នើមសម្រាប់អ្នកដែលស្វែងរកការកសាងអាជីពយូរអង្វែង។ ក្នុងខណៈដែលការទទួលស្គាល់នេះជាសមិទ្ធផលគួរជាទីមោទនៈ ក្រុមហ៊ុនចាត់ទុកសមិទ្ធផលនេះជាផ្នែកមួយនៃដំណើរឥតឈប់ឈរឆ្ពោះទៅរកកន្លែងធ្វើការដែលកាន់តែប្រសើរ ជារបស់បុគ្គលិកគ្រប់រូបដែលមានឆន្ទៈ កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យអង្គភាពទាំងមូលទទួលបានភាពលេចធ្លោ និងអស្ចារ្យ។
លោក Chen Yiy Fon អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប បានឱ្យដឹងថា “ការរីកចម្រើននៃវប្បធម៌ការងារ និងឧត្តមភាពរបស់ណាហ្គាវើលដ៍ ត្រូវបានស្តែងចេញយ៉ាងច្បាស់តាមរយៈសមាជិកគ្រួសារណាហ្គារបស់យើងផ្ទាល់ដែលបានមកបំពេញការងាររៀងរាល់ថ្ងៃដោយភាពម៉ឺងម៉ាត់ក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងមានភាពស្មោះត្រង់ចេញពីបេះដូងក្នុងការអនុវត្តបដិសណ្ឋារកិច្ចបែបខ្មែរ និងវប្បធម៌ក្នុងសេវាកម្មរបស់យើង”។ លោកបានបន្ថែមទៀតថា “ខ្ញុំមានមោទនភាពចំពោះសមាជិកគ្រប់ៗរូបរបស់យើង ហើយសូមអបអរសាទរចំពោះអ្នកទាំងអស់គ្នាដែលសម្រេចបានការទទួលស្គាល់ដោយស្ថាប័ន Great Place To Work® Certification™ សម្រាប់ឆ្នាំទី២។ វប្បធម៌ការងាររបស់ក្រុមហ៊ុនយើង គឺជាវប្បធម៌ដែលអ្នករាល់គ្នាបានជួយកសាងជាមួយនឹងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមកជាជាងការផ្តោតតែលើសមិទ្ធផលតែមួយមុខ។ ពួកយើងក៏សូមថ្លែងអំណរគុណផងដែរដល់ស្ថាប័ន Great Place To Work® ដែលទទួលស្គាល់ និងបង្ហាញពីការរីកចម្រើនដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា។ ក្នុងពេលដែលណាហ្គាវើលដ៍បន្តអភិវឌ្ឍ និងរីកចម្រើនទៅមុខ ការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍបន្ថែមទៀតជាមួយបុគ្គលិកគ្រប់រូប នឹងមិនមានការប្រែប្រួលឡើយ។ យើងនឹងបន្តវិនិយោគលើការអនុវត្តល្អបំផុតផ្នែកធនធានមនុស្ស បន្តស្តាប់រាល់មតិយោបល់ និងបន្តកសាងកន្លែងធ្វើការដែលប្រកបដោយឧត្តមភាព និងការគោរពគ្នាទៅវិញទៅមកដែលកត្តានេះជាគ្រឹះយ៉ាងសំខាន់ក្នុងការជួយយើងឱ្យបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងសហគមន៍ដែលយើងកំពុងប្រតិបត្តិការ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ”។
សមិទ្ធផលនេះ រឹតតែគូសបញ្ជាក់ពីជោគជ័យនៃគំនិតផ្តួចផ្តើមផ្នែកនិរន្តរភាព និងទំនួលខុសត្រូវសង្គម (SCSR) របស់ក្រុមហ៊ុនដោយធានាថា បុគ្គលិកមិនត្រឹមតែទទួលបាននូវការជំរុញលើកទឹកចិត្ត និងការផ្តល់រង្វាន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាតួអង្គយ៉ាងសកម្មក្នុងការបង្កើតផលវិជ្ជមានដល់សហគមន៍ទាំងមូលផងដែរ។ ដើម្បីពង្រឹងវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងនាមជាអ្នកដឹកនាំផ្នែកនិរន្តរភាព ការត្រូវបានរួមបញ្ចូលជាលើកដំបូងរបស់ណាហ្គាខបនៅក្នុង FTSE4Good Index Series បញ្ជាក់អំពីសមិទ្ធផលដ៏សំខាន់មួយនៅក្នុងដំណើរនៃផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ខ្លួនដែលឆ្លុះបញ្ចាំងអំពីការអនុវត្តការងារ ESG កាន់តែប្រសើរ ការពង្រឹងអភិបាលកិច្ចនិរន្តរភាព និងការបញ្ចូលការគិតគូរពីអាជីវកម្មប្រកបដោយការទទួលខុសត្រូវទៅក្នុងប្រតិបត្តិការទាំងមូល។ រួមជាមួយគ្នា សមិទ្ធផលទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ណាហ្គាខបក្នុងការលើកកម្ពស់គោលដៅ SCSR របស់ខ្លួន និងការផ្តល់ជូននូវតម្លៃពិតប្រាកដប្រកបដោយនិរន្តរភាពសម្រាប់បុគ្គលិក សហគមន៍ និងបរិស្ថាន។
សមិទ្ធផលសំខាន់ៗផ្នែកនិរន្តរភាព និងទំនួលខុសត្រូវសង្គម (SCSR) ដែលជំរុញឱ្យទទួលបានពិន្ទុនៃការទទួលស្គាល់កាន់តែខ្ពស់ និងបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់សម្រាប់ឆ្នាំនេះ រួមមាន ៖
• ការប្រែក្លាយចំណេះដឹងទៅជាសកម្មភាពដើម្បីប្រទេសកម្ពុជាកាន់តែស្អាត និងបៃតង ៖ លើកកម្ពស់ចីរភាពបរិស្ថាន និងការអប់រំសហគមន៍តាមរយៈពិព័រណ៍ “មហាសមុទ្រនៃសំណល់ប្លាស្ទិក” កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” និងកម្មវិធីដាំកូនឈើនៃយុទ្ធនាការកម្ពុជាបៃតងដែលមានការចូលរួមពីសាលារៀនចំនួន ៧៩ រៀបចំសិក្ខាសាលាអប់រំបរិស្ថានចំនួន ៤០ លើក ប្រមូលសំរាមប្លាស្ទិកចំនួន ៥ តោនដើម្បីយកទៅកែច្នៃឡើងវិញ និងលើកកម្ពស់ស្តង់ដារអនាម័យសាលារៀនពី ៥៥% រហូតដល់ ៩៦%។ ចាប់តាំងពីឆ្នាំ២០១៤ កូនឈើជាង ៣២.០០០ ដើមត្រូវបានដាំ ខណៈកូនឈើចំនួន ៦២.៥០០ ដើមត្រូវបានចែកជូននៅក្នុងឆ្នាំ២០២៦ នេះ។
• ការជំរុញលើកទឹកចិត្តបុគ្គលិក និងបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់សហគមន៍ ៖ កម្មវិធីផ្តួចផ្តើមដោយបុគ្គលិកស្ម័គ្រចិត្ត លើកទឹកចិត្តឱ្យបុគ្គលិកដឹកនាំគំនិតផ្តួចផ្តើមសហគមន៍ដែលគ្របដណ្តប់លើវិស័យអប់រំ សុខុមាលភាពសិស្សានុសិស្ស ហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងចីរភាពរាប់ចាប់ពីអក្ខរកម្មឌីជីថល និងកម្មវិធីពង្រឹងសមត្ថភាពរហូតដល់ការផ្តល់សម្ភារសិក្សា ការកែលម្អបរិស្ថានសិក្សា និងការបង្កើតសួនបន្លែសហគមន៍។ កម្មវិធីទាំងនេះបានប្រែក្លាយគំនិតផ្តួចផ្តើមដែលដឹកនាំដោយបុគ្គលិកទៅជាផលវិជ្ជមានជាក់ស្តែងព្រមទាំងពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំផងដែរ។
• សុខុមាលភាព និងការចូលរួមយ៉ាងសកម្មរបស់បុគ្គលិក ៖ សុខុមាលភាពបុគ្គលិក ត្រូវបានគាំទ្រយ៉ាងយកចិត្តទុកដាក់តាមរយៈសកម្មភាពលំហាត់ប្រាណ សុខភាព និងព្រឹត្តិការណ៍សហគមន៍ រួមមានការកើនឡើងនៃចំនួនអ្នកចូលរួមក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងស្ត្រី ១០ គីឡូម៉ែត្រ និងទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង ព្រមទាំងព្រឹត្តិការណ៍រត់ប្រណាំង NagaRun និង កម្មវិធីរត់ប្រណាំងកម្សាន្ត ៥ គីឡូដើម្បីអបអរទិវាមួយម៉ោងសម្រាប់ភពផែនដីដែលរៀបចំឡើងដោយក្រុមហ៊ុនផ្ទាល់។ ការពង្រីកបន្ថែមនៃផ្សារណាហ្គាម៉ាត (NagaMart) រួមជាមួយកម្មវិធីបង្ហាញការធ្វើម្ហូបផ្ទាល់ដើម្បីលើកកម្ពស់ការបរិភោគប្រកបដោយសុខភាពល្អ បានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់សុខុមាលភាពប្រចាំថ្ងៃរបស់បុគ្គលិក។
• ការលើកកម្ពស់ភាពចម្រុះនៃកម្លាំងពលកម្ម សមភាព និងបរិយាបន្ន ៖ ក្រុមហ៊ុនប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើតបរិយាកាសការងារដែលមានភាពរស់រវើក និងបរិយាបន្នដោយផ្អែកលើការផ្តល់ឱកាសស្មើៗគ្នា និងភាពយុត្តិធម៌ ព្រមទាំងខិតខំបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្សក្នុងស្រុក និងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី។ បច្ចុប្បន្ន ស្ត្រីមានចំនួន ៤៩,៩% នៃកម្លាំងពលកម្មសរុប និង ៣៣% នៃតំណែងគ្រប់គ្រងដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាបន្តបន្ទាប់ឆ្ពោះទៅរកអង្គភាពមួយដែលមានតុល្យភាព និងបរិយាបន្ន។
ក្រុមហ៊ុនណាហ្គាខប នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើសមាហរណកម្មនៃការអនុវត្តការងារផ្នែកនិរន្តរភាព និងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវទៅក្នុងយុទ្ធសាស្ត្រយូរអង្វែងរបស់ខ្លួនដោយទទួលស្គាល់ថា ដំណើរការអាជីវកម្មដែលមាននិរន្តរភាព កើតចេញពីអភិបាលកិច្ចដ៏រឹងមាំ ការចូលរួមយ៉ាងសកម្មរបស់បុគ្គលិក និងការបង្កើតផលវិជ្ជមានពិតប្រាកដសម្រាប់សហគមន៍។ សមិទ្ធផលទាំងនេះរួមបញ្ចូលគ្នា បានពង្រឹងនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការ “កសាងថ្ងៃស្អែកជាមួយគ្នា” និងការផ្តល់ជូននូវតម្លៃយូរអង្វែងប្រកបដោយនិរន្តរភាពសម្រាប់ភាគីពាក់ព័ន្ធទាំងអស់៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច