ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តតាកែវ សិប្បកម្មតម្បាញ និងផលិតផលសិប្បកម្មតាមសហគមន៍ ជួយលើកកម្ពស់ជីវភាពពលរដ្ឋ និងអភិរក្សមរតកប្រពៃណី

ចែករំលែក៖

ខេត្តតាកែវ៖ សិប្បកម្មតម្បាញ និងការផលិតវត្ថុប្រើ ប្រាស់ដោយដៃ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួម ចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងជួយថែរក្សាមរតកវប្បធម៌ប្រពៃណីជាតិឱ្យនៅគង់វង្ស។ ផ្អែកតាមរបាយការណ៍ទិន្នន័យរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីសកម្មភាពសិប្បកម្ម នៅតាមសហគមន៍ ប្រជាពលរដ្ឋបាន និងកំពុងប្រកបមុខរបរសិប្បកម្មយ៉ាងសកម្ម ដោយទទួលបានការគាំទ្រពីសហគមន៍ផ្ទាល់។ 

ក្នុងវិស័យតម្បាញសូត្រ និងអំបោះ តម្បាញហូលគឺជាមុខរបរដ៏ពេញនិយម និងមានការចូលរួមយ៉ាង ច្រើនពីសំណាក់ស្ត្រីនៅតាមមូលដ្ឋាន ទោះបីជាមិនទាន់មានការចងក្រងជាក្រុមផ្លូវការក៏ដោយ ។ ជាក់ស្តែង នៅភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោងមានស្ត្រីចំនួន៣១៧ នាក់ កំពុងប្រកបរបរតម្បាញហូលនេះ ចំណែកនៅទូទាំងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស មានស្ត្រីរហូតដល់ ១,២៦០ នាក់ ដែល បន្តអាជីពតម្បាញហូលដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ ។ 

ក្នុងនោះសិប្បកម្មត្បាញក្រមាអំបោះ ក៏មានផងដែរ នៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ក៏មានសមាជិកចំនួន ១៨ នាក់ ក្នុងនោះមានស្ត្រី ១៧ នាក់ បានចងក្រង ១ក្រុម ក្រោមការគាំទ្រពីសហគមន៍ ។ 

ក្រៅពីតម្បាញហូល និងក្រមា ប្រជាពលរដ្ឋនៅតាមសហគមន៍ក៏បានចងក្រង ជាក្រុមដើម្បីផលិតសម្ភារៈប្រើប្រាស់ប្រពៃណីផ្សេងៗទៀត ក្នុងនោះមានការធ្វើស្មុក នៅក្នុងឃុំជំរះពេន ស្រុកសំរោង មានការចងក្រងជា ២ ក្រុម គឺនៅភូមិដំណាក់ត្រយឹង មានសមាជិក ៨២ នាក់ ១ក្រុម និងនៅភូមិស្រែតាសុខ មានសមាជិក ៥៤ នាក់ ១ ក្រុម ។ រីឯការធ្វើបង្គីរំពាក់នៅឃុំពេជសារ ស្រុកកោះអណ្តែត ក៏មានការចងក្រងជា ២ ក្រុមដូចគ្នា គឺនៅភូមិពេជសារ មានសមាជិក ៥ នាក់ ១ក្រុម និងនៅភូមិពោន មានសមាជិក ៤ នាក់ ១ក្រុម ។ ដោយឡែក នៅភូមិជករ៉ាន ឃុំលាយបូរ ស្រុកត្រាំកក់ មានប្រជាពលរដ្ឋចំនួន ៣៣ គ្រួសារ ដែលមានសមាជិកសរុប ៥៦ នាក់ ស្ត្រី ៣៨ នាក់ បានចងក្រងជា ១ក្រុម ដើម្បីផលិតផ្ទះម្រេញគង្វាល ។ 

បើគិតជារួម សកម្មភាពសិប្បកម្មតម្បាញ និងផលិតកម្មក្នុងសហគមន៍ទាំងអស់នេះ សុទ្ធតែទទួលបានការគាំទ្រពីសហគមន៍។ ការចូលរួមយ៉ាងផុលផុសរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី ក្នុងការផលិតហូល ក្រមា ស្មុក បង្គី និងផលិត ផលសិប្បកម្មផ្សេងៗ មិនត្រឹមតែជួយបង្កើតការងារ និងបង្កើនសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិរក្សស្នាដៃសិប្បកម្មខ្មែរឱ្យបន្តរីកចម្រើនទៅមុខទៀត ៕

ដោយ៖ សូរិយា


ចែករំលែក៖