ខេត្តសៀមរាប៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានចំនួនសរុបប្រមាណ ៥១០ ១៩៤ នាក់
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងនោះ៖ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ៤៨៧ ៤១០ នាក់។ ចំណែក ភ្ញៀវទេសចរបរទេស មានចំនួន ២២ ៧៨៤ នាក់។
ជាមួយគ្នានេះ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានសម្ដែងការអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ប្រណាំងទូកនេះ ដែលបានប្រព្រឹត្តទៅដោយរលូន មានសណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អ ដោយមិនមានឧបទ្ទវហេតុអវិជ្ជមានកើតឡើងឡើយ។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទាំងអស់ ដែលបានមកចូលរួមកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប សូមប្រកបដោយភាពសប្បាយរីករាយ សុខសុវត្ថិភាព និងស្មារតីសាមគ្គីភាព ក្រោមម្លប់សន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា លើទឹកដីអង្គរដ៏បវររបស់យើង៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច