ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ ព្រះរាជពិធីបុណ្យអុំទូក គ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសបានដំណើរការរយៈពេល ៣ថ្ងៃ ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ គ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសបានដំណើរការរយៈពេល ៣ថ្ងៃ ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ដែលបានមានវត្តមាននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជានៅទូទាំង ២៥ រាជធានី-ខេត្ត។

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ សូមថ្លែងអរគុណដល់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងក្រុមការងារដែលពាក់ព័ន្ធ រួមទាំងក្រុមការងារស្ម័គ្រចិត្ត ដែលបានចំណាយពេលវេលារៀបចំកម្មវិធីកម្សាន្តនានា ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អ រក្សាអនាម័យ ព្រមទាំងចូលរួមសហការរៀបចំក្នុងការបង្កភាពសប្បាយរីករាយជូនដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវទេសចរបានចូលរួមលេងនៅតាមរមណីយដ្ឋាននានាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។

បន្ថែមពីនេះ​ សម្តេចធិបតី​ ក៏សូមជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងពេលធ្វើដំណើរ និងសូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ព្រមទាំងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ៕

ដោយ​៖ តារា​


ចែករំលែក៖